Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយអាស្រូវពុករលួយ របស់ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ទឺ ប៊ុនឡេង កំណត់ឲ្យបង់លុយពី១ម៉ឺនដុល្លារ ទៅ១៣០០០ដុល្លារ ទើបមានឈ្មោះជាប់ក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ?

ភ្នំពេញ ៖ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ទឺ ប៊ុនឡេង ហៅពេទ្យទូច ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានរងការចោទប្រកាន់ពី
មន្រ្តីរាជការនិងក្រុមគ្រូពេទ្យ បម្រើការងារតាមមន្ទីរពេទ្យបង្អែក-ស្រុកប្រតិបត្តិ និងតាមមណ្ឌលសុខភាពក្នុងខេត្តក្រចេះ ដែលបានយកតួនាទីរបស់ខ្លួនគាបយកលុយពីពួកគេស្រេចតែអំពើចិត្ត។

ប្រភពបានឲ្យដឹងថា លោក ទឺ ប៊ុនឡេង ដែលមានការបើកដៃពីសំណាក់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ប្រើអំណាចគាបយកលុយ ពីបុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត បម្រើការងារប្រឆាំងកូវីដ-១៩ ដើម្បីបានចូលក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ។ ក្នុងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តសរុប១៣០នាក់គឺលោក ទឺ ប៊ុនឡេង កំណត់ឲ្យបង់លុយក្នុងម្នាក់ពី១០០០០ដុល្លារ ទៅ១៣០០០ដុល្លារ ទើបមានឈ្មោះជាប់ក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ បានឲ្យដឹងថា មកដល់ពេលនេះអំពើពុករលួយ របស់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានលាតត្រដាងកាន់តែច្បាស់។

ប្រភពពីមន្រ្តីបុគ្គលិកក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ និងគ្រូពេទ្យនៅក្នុងខេត្តក្រចេះ បានឲ្យដឹងថា លោក ទឺ ប៊ុនឡេង ប្រាប់ពួកគេថា លុយដែលប្រមូលបានមួយចំនួន យកទៅឲ្យអភិបាលខេត្តក្រចេះ ហើយមួយផ្នែកទៀត យកទៅឲ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល។

ចំណែកលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ មិនអាចសុំការបំភ្លឺបានទេ។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ មិនធ្វើអត្ថាធិប្បាយទេ ដោយលោកឆ្លើយថា ” សុំអធ្យាស្រ័យខ្ញុំរវល់ណាស់ “៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×