ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានឈ្មោះផ្ទះផាតធី ដែលហ៊ានលួចបើកខារ៉ាអូខេខុសបម្រាម ពីរដ្ឋបាលរាជធានីភ្នំពេញ និងឃាត់មនុស្សប្រុសស្រីជាច្រើននាក់។ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង២០ នាទីយប់ថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការជួបជុំ និងប្រមូលផ្តុំបើកហាងផឹកសុីនោះទេ រយៈពេល១៤ថ្ងៃ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជុំងឺកូវីដ១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះផ្ទះផាតធីមួយកន្លែង ដែលស្ថិតនៅផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី១ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចលួចបើកការជួបជុំ និងប្រមូលផ្តុំគ្នាផឹកសុីច្រៀងខារ៉ាអូខេ យ៉ាងគគ្រឹកគគ្រេងខុស ពីគោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បាកដាក់កម្លាំងចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រី នៅក្នុងនោះបានជាច្រើននាក់។
ក្រោយពីធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីទាំងនោះ សមត្ថកិច្ចបានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យខាងក្រសួងសុខភិបាល ឲ្យចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ ក្រោយពិនិត្យរួចដោយបញ្ជាក់ ពីគ្រូពេទ្យពួកគាត់ គឺអវិជ្ជមានទាំងអស់ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក យកទៅធ្វើការណែនាំ និងបញ្ជូនបន្តចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សា មេត





