ព្រះសីហនុ ៖ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) មានការធ្លាក់ចុះខ្ពស់ជាងគេនៅថ្ងៃនេះ ចំនួន ២០០រៀល មកត្រឹម ១៤.៧០០ រៀល ក្នុងមួយភាគហ៊ុន។ អេស៊ីលីដា (ABC) ជាភាគហ៊ុនមានការធ្លាក់ចុះខ្ពស់បន្ទាប់ចំនួន ១០០រៀល មកត្រឹម ១២.៤៦០រៀល។
ទន្ទឹមនេះដែរ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ថយចុះ ២០រៀល និង ៣០រៀល ក្នុងមួយហ៊ុន មក ១៣.៦៨០រៀល និង ២.០៤០រៀល។ ចំណែក ហ្រ្កេនធ្វីន (GTI) វិញបានកើនឡើង ១២០រៀល មកបិទនៅថ្លៃ ៤.៣២០រៀល ហើយផេសថិក (PEPC) បានកើនឡើង ២០រៀលដល់ ៣.១៣០រៀល។
លើសពីនេះទៀត GTI បានក្លាយជាភាគហ៊ុនទី២ ដែលត្រូវបានគេជួញដូរច្រើនជាងគេជាមួយនឹង ៤៧.៧៧២.៧០០ រៀល ដែលប្រមាណ ៩០.៤៣ភាគរយ នៃថ្លៃជួញដូរនោះបានមកពី វគ្គបិទតែមួយប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះ ភាគហ៊ុនមួយនេះ ក៏មានអត្រាឡើងខ្ពស់ជាងគេរហូតទៅ ២,៨៦ភាគរយ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបនៅតែបន្តឈរនៅតួលេខមួយខ្ពស់ គឺ ៩៨០.៣៣លានរៀល បើទោះបីជាសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា មានការធ្លាក់ចុះ ០,៥៦ភាគរយ មកត្រឹម ៥៣០,២៨ពិន្ទុ៕ រក្សាសិទ្ធិដោយ៖CEN