ភ្នំពេញ ៖ មនុស្សចំនួន ៣២នាក់ ល្មើសបម្រាមគោចរ និងផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សជិត ៣ពាន់នាក់បានអប់រំ ណែនាំ និងផាកពិន័យ។ ការបញ្ជូនខ្លួនទៅតុលាការ និងការអប់រំ ផាកពិន័យ បានធ្វើឡើងនៅក្នុងការអនុវត្តបម្រាមគោចរពីថ្ងៃទី២៩ ខែកក្កដា មកដល់ត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ។

សម្រាប់ការអនុវត្តបម្រាមគោចរកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ មនុស្សចំនួនជាង ៨០០នាក់ ត្រូវបានអប់រំ ណែនាំ និងផាកពិន័យ និងមនុស្សចំនួន ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធទៅនិងការល្មើសបម្រាមគោចរ ពោលគឺល្មើសនឹងវិធានសុខាភិបាល និងវិធានការដ្ឋបាល។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការអនុវត្តច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានឲ្យដឹង ថា លទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែល្មើសនឹងវិធានសុខាភិបាល និងវិធានការដ្ឋបាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ គឺអប់រំផ្សព្វផ្សាយច្បាប់ ១,៨២៦ទីតាំង , អនុវត្តវិធានការច្បាប់ ៤១៩ ករណី ឃាត់ខ្លួនមនុស្សចំនួន ៨២៨នាក់ អប់រំ ណែនាំ និងពិន័យ និងបញ្ជូនទៅតុលាការចំនួន ១៤នាក់។ ឃាត់យានយន្ត៣៣០គ្រឿង ពិន័យ ៤៤.០០០.០០០.រៀល៕ រក្សាសិទ្ធិដោយ៖ ចេស្តារ


