Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្វើជាសហប្រធានសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនូវែលសេឡង់

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាសហប្រធានសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយនូវែលសេឡង់ ក្នុងនាមជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ និងលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

កិច្ចប្រជុំបានរំលឹកអំពីការរៀបចំប្រកបដោយ ភាពជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍ អាស៊ាន-នូវែលសេឡង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងអាស៊ាន និងនូវែលសេឡង់ កិច្ចប្រជុំបានឯកភាពពន្លឿន ការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីប្រកាសចក្ខុវិស័យរួម របស់ថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់៖ កេរដំណែលនៃភាពជាដៃគូ អនាគតរួមគ្នា។
កិច្ចប្រជុំបានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការ សកម្មភាពសម្រាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- នូវែលសេឡង់ (២០២១-២០២៥) ស្របតាមមូលបទគន្លឹះដែលបានឯកភាព «សន្តិភាព វិបុលភាព ប្រជាជន និងភពផែនដី» ជាមួយនឹងទស្សនៈក្នុងការរួមចំណែកដើម្បីសម្រេច ឱ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥។
អាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនូវែលសេឡង់ ក្នុងការពង្រឹងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន តាមរយៈការផ្ដល់អាហារូបករណ៍ ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកម្មវិធីបណ្តុះបណ្តាល ជំនាញរយៈពេលខ្លី។

ក្នុងន័យនេះ អាស៊ាន បានថ្លែងអំណរគុណ ដល់ប្រទេសនូវែលសេឡង់ សម្រាប់ការបន្តផ្តល់កម្មវិធីបណ្តុះបណ្តាល រយៈពេលខ្លី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈកម្មវិធី AHA Center Executive (ACE) ក៏ដូចជាជំនួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ដែលឆ្លាតធន់នឹងអាកាសធាតុ នៅក្នុងប្រទេសជាសមាជិក អាស៊ាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ តាមរយៈសម្ព័ន្ធភាពស្រាវជ្រាវសកល ស្តីពីឧស្ម័នផ្ទះកញ្ចក់។

កិច្ចប្រជុំបានស្វាគមន៍ការចាប់ផ្តើមកិច្ចចរចា ដើម្បីលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងទន្ទឹងដល់កម្មវិធីគាំទ្រ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ដែលរហូតមកដល់ពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព ពាណិជ្ជកម្មនិងសេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ាន។

កិច្ចប្រជុំបានរំពឹងដល់ការសម្រេចឱ្យបានឆាប់ នូវកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់ ដែលមានគុណភាពខ្ពស់ រវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសនូវែលសេឡង់ ដើម្បីផ្តល់ នូវបរិយាកាសមួយ ដែលកាន់តែបើកចំហ សម្រាប់ការតភ្ជាប់ផ្លូវអាកាស និងដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើង ដល់ចរាចរប្រជាជន និងទំនិញ។
អាស៊ានបានស្វាគមន៍ដល់ការគាំទ្រ បន្តរបស់នូវែលសេឡង់ សម្រាប់ការអនុវត្តផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្ដួចផ្ដើម សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ និងបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN)និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កសិកម្មដែលឆ្លាតធន់នឹងអាកាសធាតុ ការសម្រួលធុរកិច្ចនិងខ្សែសង្វាក់ផ្គត់ផ្គង់ និង សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។

កិច្ចប្រជុំបានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួល ដែលនឹងចប់អាណត្តិ ដែលបានកាច់ចង្កូតដឹកនាំភាពជាដៃគូអាស៊ាន-នូវែលសេឡង់ ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុង រយៈពេលបីឆ្នាំចុងក្រោយនេះ (២០១៨-២០២១) និងបានសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់ នឹងកាន់តែលូតលាស់ ក្រោមការដឹកនាំរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលបន្ទាប់ សម្រាប់រយៈពេលបីឆ្នាំខាងមុខ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×