នៅក្នុងអំឡុងពេលដែលប្រទេសជាតិ កំពុងប្រឈមការផ្ទុះឡើងខ្លាំង ជាពិសេសវីរុសកូវីដបំប្លែងថ្មីដ៏កាចសាហាវ Delta រាជរដ្ឋាភិបាលថៃ បានសម្រេចដាក់ចេញវិធានទប់ស្កាត់ការរីករាលដាលនៃមេរោគរាតត្បាតថ្មីនេះ ដោយការបិទខ្ទប់ខេត្តចំនួន ២៩ និងការបិទសាលារៀននៅទូទាំងប្រទេស និងតម្រូវឲ្យមានការសម្របសម្រួលការបង្រៀនកូនសិស្ស តាមប្រព័ន្ធអុីនធើរណែតជាបណ្តោះអាសន្ន។
ប៉ុន្តែ ជាការពិតណាស់ ការបង្រៀនតាមប្រព័ន្ធអនឡាញនេះ គឺប្រឈមការជួបបញ្ហាជាច្រើន ជាពិសេស សម្រាប់គ្រួសារសិស្សមួយចំនួន ដែលមិនមានលទ្ធភាព ក្នុងការទិញឧបករណ៍អេឡិចត្រូនិច ដើម្បីឲ្យកូនៗរបស់ពួកគេរៀននោះទេ។
តែយ៉ាងណា ដើម្បីចូលរួមចំណែកក្នុងគ្រាដែលកំពុងជួបការខ្វះខាតនេះ អ្នកគ្រូបង្រៀនវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pijita K.Nui នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានបង្ហោះឲ្យដឹងថា អ្នកគ្រូបានទិញ Ipad ចំនួន ៧ គ្រឿង ដើម្បីផ្តល់ជូនដល់កូនសិស្សរបស់នាងចំនួន ៧ នាក់ ដើម្បីបានប្រើប្រាស់រៀនសូត្រតាមប្រព័ន្ធអនឡាញនេះ។
អ្នកគ្រូស្រស់ស្អាត បាននិយាយថា «នេះគ្រាន់ជាការរួមចំណែកបន្តិចបន្តួចប៉ុណ្ណោះ ដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាពរបស់ខ្ញុំ សម្រាប់កូនសិស្សរបស់ខ្ញុំ ដែលពួកគេកំពុងជួបបញ្ហាខ្វះខាត»។
ជាមួយទឹកចិត្តដ៏ប្រពៃរបស់អ្នកគ្រូរូបនេះ ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាចែករំលែកយ៉ាងច្រើន ជាមួយការកោតសរសើរ និងក៏ដូចជូនពរសូមឲ្យអ្នកគ្រូមានសុខភាពល្អ និងជួបតែសំណាងល្អក្នុងជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង