ភ្នំពេញ ៖ ឈ្មួញមានឥទ្ធិពលម្នាក់ កំពុងប្រើរថយន្តយីឌុបជាច្រើនសិបគ្រឿង ដឹកអាចម៍ដីចាក់រំលោភយកអូររកា ដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមិនមានអាជ្ញាធរពាក់ព័ន្ធ ហ៊ានបង្ក្រាបឬទប់ស្កាត់ទេ។

ប្រភពពីមន្ត្រីបានឲ្យដឹងថា អូររកាមានទទឹងប្រមាណជាង ៤០ម៉ែត្រ និងបណ្តោយលាតសន្ធឹងពីព្រំប្រទល់ឃុំព្រែកហ្លួង និងភូមិព្រែកដូនហែម ទៅដល់ភូមិព្រែកក្របៅ៣ នៃឃុំព្រែកអំពិល។ អ្វីដែលសំខាន់នោះ អូររកាគឺជាប្រភពទឹកយ៉ាងសំខាន់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់យកទឹកមកប្រើប្រាស់ និងស្រោចស្រពទៅលើដំណាំកសិកម្មផ្សេងៗ ក៏ដូចជាចរន្តសម្រាប់រំដោះទឹកផងដែរ។ ស្រាប់តែពេលថ្មីៗនេះគេឃើញរថយន្តយីឌុបជាច្រើនសិបគ្រឿង បន្តកន្ទុយគ្នាដូចហែរកឋិន ដឹកអាចម៍ដីយកមកចាក់លុបទាំងបំពាន។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អ្នកដែលចាក់ដីរំលោភយកអូររកា គឺជាមន្ត្រីយោធាផ្កាយម្នាក់ (ពីមុនមានងារជាឧកញ៉ា) និងមានតួនាទីជាមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៧០ ដែលសំបូររឿងអាស្រូវដីធ្លីជាច្រើន នៅក្នុងខេត្តកណ្តាល នាពេលកន្លងមកនេះ។
កន្លងមក ក៏ធ្លាប់មានគេធ្វើការចាក់លុបអូររកានេះដែរ តែត្រូវលោកមេឃុំ ឈឹម ម៉េង ឲ្យកាយចេញវិញ ស្រាប់តែពេលនេះក៏មានការចាក់លុបពេញទី យ៉ាងគគ្រឹកគគ្រែងតែម្តងតែម្តង។

លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានឲ្យដឹងថា ករណីនេះ អាជ្ញាធរមិនដែលបានរាយការណ៍ មកខាងមន្ទីរជំនាញនោះទេ។ រឿងចាក់លុបរំលោភលើដីរដ្ឋនេះ ពួកឈ្មួញមិនដែលមានឯកសារអ្វីនោះទេ។
ចំណែកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីខាងលើនេះ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

