ភ្នំពេញ ៖ ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន ៨៧គ្រឿង ដល់បណ្ដាស្នងការដ្ឋាននគរបាលខេត្តនានា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅដល់កងកម្លាំងនគរបាលឲ្យពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមមូលដ្ឋាននានា កុំភ្លេចខ្លួន។

សម្ដេចក្រឡាហោម លើកឡើងថា ជាការពិតហើយ យើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះ យើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលក្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលល្អប្រសើរ។
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវគិតគូរ ផ្ដល់ប្រេងឥន្ធនៈប្រើប្រាស់សម្រាប់រថយន្តនេះឱ្យបានល្អ ទោះបីជាត្រូវបន្តប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនមានភាពប្រាកដប្រជាយ៉ាងណាក្ដី ថ្នាកដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ត្រូវរួមគ្នាបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

បើតាម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រថយន្តទាំង៨៧គ្រឿងនេះ ត្រូវប្រគល់ទៅដល់ស្នងការដ្ឋាននគរបាលខេត្ត២៤ ដើម្បីបែងចែកបន្តទៅដល់អធិការដ្ឋាននគរបាល ក្រុង ស្រុក ដែលកន្លងមកមិនទាន់ទទួលបានរថយន្ត។
ពិធីប្រគល់រថយន្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក្នុងបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








