ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នំា២០២១ សរុបមេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា មានចំនួន ៣២៧ករណីហើយ ក្នុងនោះ ស្ត្រីចំនួន ១៥៧នាក់កំពុងផ្ទុកវីរុសនេះ។

ក្នុងពេលផ្ដល់អំណោយថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចាស់ព្រឹទ្ធាចារ្យដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅ ខេត្ដកំពង់ចាម ព្រៃវែង និងស្វាយរៀង នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានបញ្ជាក់ថា ការរកឃើញវីរុសថ្មីនេះ ឆ្លុះបញ្ចំងឱ្យឃើញថា មេរោគ Delta កំពុងតែវាយលុកនៅកម្ពុជា ពិសេស រកឃើញពលរដ្ឋឆ្លងកាត់តាមព្រំដែនកម្ពុជា-ថៃផង, រកឃើញនៅតាមសហគមន៍ផង និងរកឃើញពលករខ្មែរដែលមកពីក្រៅប្រទេស លួចចូលមកតាមច្រករបៀងទៅផ្ទះរបស់ពួកគេផង ហើយបានយកមេរោគ Delta នេះ ទៅចម្លងអ្នកផ្ទះ ដូចជា មាតា បិតា ជីដូនជីតា បងប្អូនជាដើម។
លោកស្រី ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងរូបនេះ បានសម្ដែងនូវក្តីព្រួយបារម្ភថា ពេលនេះ យើងកំពុងស្ថិតនៅមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈហើយ ប្រសិនបើយើងទាំងអស់គ្នា មិនចូលរួមគោរពវិធានការសុខាភិបាល និងមិននាំគ្នាគោះស្គរ គោះប៉ោត ដើម្បីឱ្យមានការភ្ញាក់រលឹកនោះ យើងនឹងចៀសមិនផុតពីគ្រោះមហន្ដរាយទាំងនេះទេ, ក្នុងនោះ វិធានការ ៣ការពារ ៣កុំ នៅតែជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយបានជាអតិប្បរមានូវការចម្លងមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទើបជារបងការពារដ៏រឹងមាំ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










