CAMSOC-ភ្នំពេញ ៖ ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ៣រូប រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលកំពុងបោះជុំរុំហ្វឹកហាត់ នៅប្រទេសបារាំង បានចូលរួមប្រកួតកម្មវិធីប្រណាំងកង់ Tour of Szeklerland នៅប្រទេសរូម៉ានី ដែលជាការប្រកួតកម្រិត 2.1 របស់សហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI)។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ បែងចែក ៤ដំណាក់កាល សរុបចម្ងាយផ្លូវ ៥២៣.៧គីឡូម៉ែត្រ និងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដោយមានកីឡាករខ្លាំងៗនៅតំបន់អឺរ៉ុបចំនួន ២០ក្រុម មកពី១១ប្រទេសចូលរួម ក្នុងនោះមានកម្ពុជា ១ក្រុម, អាល្លឺម៉ង់ ១ក្រុម, អ៊ីតាលី ១ក្រុម, អូទ្រីស ២ក្រុម, អ៊ុយក្រែន ២ក្រុម, ប៊ែលហ្ស៊ិក ២ក្រុម, ប៊ុលការី ២ក្រុម, ហុងគ្រី ២ក្រុម, ស្លូវ៉ានៀ ២ក្រុម និងប៉ូឡូញ ២ក្រុម។
អគ្គលេខាធិការសហព័ន្ធខាងលើ បានចាត់ទុកការចូលរួមប្រកួតកម្រិតខ្ពស់នៅអឺរ៉ុបនេះ គឺជាឱកាសល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍របស់កីឡាករកម្ពុជាទាំង ៣រូប ដែលសហព័ន្ធបានបញ្ជូន ទៅហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសបារាំង ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលពន្យារពេលទៅឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបន្តថា «ការប្រកួតនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍ របស់ពួកយើង ហើយនៅមានការប្រកួតបន្ដបន្ទាប់ទៀត សម្រាប់កីឡាកររបស់យើង ដែលធ្វើការហ្វឹកហាត់ រយៈពេល៣ខែ នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់ពួកគាត់បន្ថែម ឈានទៅចូលរួមជាមួយ ក្រុមអន្ដរជាតិ ដែលមានកម្រិត ២.១ ដ្បិតកន្លងមក យើងធ្លាប់រៀបចំការប្រកួតកម្រិត ២.១ នៅកម្ពុជា ហើយនេះជាការប្រកួតកម្រិត ២.១ នៅតំបន់អឺរ៉ុប ដែលមានកីឡាករខ្លាំងៗមកចូលរួម»។
លោកបន្ថែមថា «បើធៀបកាលពីឆ្នាំ២០២០ ដែលពួកគាត់ចូលរួមលក្ខណៈពិភពលោកនៅកម្ពុជា ខ្ញុំសង្កេតឃើញកម្រិតសមត្ថភាពកីឡាករកម្ពុជាយើងកើនឡើងខ្លាំង ហើយអាចធ្វើការប្រកួតប្រជែងខ្លាំង ដែលភាសាបច្ចេកទេសហៅថា “នៅក្នុងហ្វូង” បានន័យថា ពួកយើងស្ថិតនៅក្នុងហ្វូង ជាមួយក្រុមអត់មានដាច់ ឬជ្រុះចេញទេ ហើយក្នុងវគ្គទី២ យើងសង្កេតឃើញកីឡាករកម្ពុជាយើង មានការប្រកួតប្រជែងខ្លាំង ដោយប្រផិតប្រផើយជាមួយគេ មិនចាញ់ខ្លាំងទេ។ យើងសង្ឃឹមថា នៅវគ្គបន្ដបន្ទាប់ទៀត ពួកគាត់នឹងអាចដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរ»។

សូមបញ្ជាក់ថា ក្រុមកីឡាទោចក្រយានជម្រើសជាតិ ៣នាក់ខាងលើ បានចាកចេញពីមាតុភូមិ ទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំង កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ខ្លូត ករណី ដោយទទួលបានការគាំទ្រពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ ពិសេសគឺទទួលបានការផ្គត់ផ្គង់ និងសម្របសម្រួល ពីសមាគមខ្មែរកីឡាទោចក្រយាន នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










