ដូចដែលប្រិយមិត្ត បានទទួលជ្រាបរួចហើយ រឿងរ៉ាវទាក់ទងក្រុមហ៊ុនវិមានរចនា ឬហៅចៅម៉ែ កាលពីប៉ុន្មានថ្ងៃមុននេះ ឃើញថាបានធ្វើឲ្យផ្ទុះកក្រើកពេញពិភពអនឡាញតែម្តង បន្ទាប់ពីសាខាក្រុមហ៊ុនមួយរបស់ចៅម៉ែ ហាក់មានអំណាចចេះដឹងលើសមេកើយ បង្ហោះផ្សព្វផ្សាយរូបលួចយករូប BA របស់តារាចម្រៀង សុគន្ធ នីសា មកកាត់តដាក់ផលិតផលរបស់ខ្លួន ដែលធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង។ ហើយអ្វីកាន់តែមិននឹកស្មានដល់នោះ គឺរឿងលួចនេះមិនបានកន្លងផុតប៉ុន្មានថ្ងៃផង ក៏ស្រាប់តែក្រសួងសុខាភិបាលចេញសេចក្តីប្រកាសហាមឃាត់សាខាក្រុមហ៊ុនវិមានរចនា បញ្ឈប់ធ្វើការផ្សព្វផ្សាយផលិតផលម៉ាក Rachna Palace ជាបន្ទាន់ ព្រោះពួកគេកំពុងផ្សព្វផ្សាយផលិតផលពុំបានឆ្លងកាត់ការចុះលេខបញ្ជីការពីក្រសួង។
ពិតណាស់ ក្រោយក្រសួងចេញសេចក្តីប្រកាសបែបនេះ ក៏ស្រាប់តែអតីតសាខាក្រុមហ៊ុនរបស់ ចៅម៉ែ ដែលធ្លាប់ជាជនរងគ្រោះ ជាពិសេសបងប្អូនខ្មែរនៅអាមេរិក ចេញមុខជាបន្តបន្ទាប់ ទម្លាយចេញពីទង្វើនៃការរកស៊ីបោកប្រាស់ពីសំណាក់ ចៅម៉ែ និងក៏សូមឲ្យបងប្អូនដែលមិនទាន់លុងខ្លួន សូមគិតពិចារណាឡើងវិញ ក្រែងអស់លុយរាប់ពាន់ដុល្លារ ដោយសារតែវត្ថុមង្គល ឬ គ្រឿងប្រដាប់ប្រដាហុងស៊ុយដែលជារបស់ជ័រផ្សេងៗទៀត គឺគ្មានស័ក្តិសិទ្ធស្អីនោះទេ។
តែទោះជាយ៉ាងណា រឿងរ៉ាវនេះហាក់រាងធ្លាក់កម្តៅបន្តិចហើយ ខណៈ ចៅម៉ែ ក៏បានប្រាប់ទៅកូនចៅជាសាខាៗទាំងអស់ កុំឲ្យបាក់ទឹកចិត្ត កុំមានការភិតភ័យ ព្រួយបារម្ភអ្វីច្រើន ទាក់ទងក្រសួងបញ្ឈប់ឲ្យផ្សព្វផ្សាយលក់ដូរ គឺចៅម៉ែ មិនខ្វល់ឈឺក្បាលហាលថ្ងៃនោះឡើយ ព្រោះថាក្រុមហ៊ុនខ្លួនបើកស្របច្បាប់នៅថៃ ហើយបើក្រុមហ៊ុនខ្លួនមិនមានបញ្ចីការគ្រប់យ៉ាងពីក្នុងប្រទេសថៃ នោះក្រសួងសុខាភិបាលខ្មែរ ក៏មិនអាចចុះបានឡើយ។ តែយ៉ាងណា ចៅម៉ែ ថាខ្លួនចេះដោះស្រាយធ្វើការលើរឿងនេះហើយ និងថា នេះជារឿងដ៏តូចតាចមិនបានប៉ុនចុងក្រចកផង ព្រោះ ខ្លួនអាងកម្លាំងទឹកលុយ កម្លាំងទឹកចិត្ត និងក្រុមហ៊ុននៅតែត្រូវបានជ្រែងជាប់ទាំងអស់។
ដោយឡែក ងាកមកចាប់អារម្មណ៍រឿងអស់សំណើចដ៏ហួសចិត្តនេះវិញម្តង ឃើញថា ចៅម៉ែ ក៏បានបន្តរងគ្រាប់បាញ់ចុកៗ ពីសំណាក់អ្នកចាំចាប់ថ្នាក់ បន្ទាប់ពីចេញមុខមានចំណែករួមបុណ្យ ឲ្យបងប្អូនត្រូវចេះការពារខ្លួន យកភ្ជាប់តាមខ្លួនជានិច្ចជាប់ជាមួយប្រដាប់បាញ់អាកុល ខណៈជំងឺថ្មី Delta ដែលកំពុងរាតត្បាតខ្លាំង។ ក្នុងនោះ អ្វីដ៏គួរឲ្យអស់សំណើចខ្លាំង គឺចៅម៉ែ បានឲ្យអ្នកទាំងអស់គ្នា ត្រូវអនុវត្តវិធានការការពារដ៏មិនធម្មតារហូតដល់ (៦កុំ ៦ការពារ) ដោយមិនដឹងថា ៣ ទៀត ជាវិធានការការពារអ្វីខ្លះនោះទេ។
គួររម្លឹកឲ្យដឹងផងដែរថា កាលពីពេលកន្លងទៅ ចៅម៉ែ ឬហៅយាយ31 ធ្លាប់ធ្វើការទស្សន៍ទាយថា ជំងឺកូវីដនឹងត្រូវចប់ត្រឹមខែ6 (មិថុនា) ហើយរោគថ្មីចូលមកដល់ឆ្លងគោក្របី កើតសារឆ្គួត ឆ្លងមកមនុស្ស កើតជំងឺសើរស្បែក និងក្រពះ ជាដើម។ ប៉ុន្តែ ជំងឺកូវីដនេះពុំបានបញ្ចប់ ក៏ស្រាប់តែលេចចេញមេរោគបំប្លែងថ្មី Delta ដែលជាប្រភេទមេរោគផ្លូវដង្ហើមទៅវិញ? គឺទាយខុសទៀត នោះសបញ្ជាក់ឲ្យឃើញច្បាស់ថា យាយ31 ប៉ាន់មនុស្សក៏ខុស ប៉ាន់មេរោគក៏ខុស…តើគួរឲ្យទុកចិត្តបានដែរឬទេ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង