បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងនៅរាត្រី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីបន្ថែមទៀតចំនួន៩៤នាក់ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៦នាក់ និងពលករមកពីប្រទេសថៃចំនួន១៨នាក់ បន្ទាប់ពីការធ្វើតេស្តរហ័សទៅលើអ្នកពាក់ព័ន្ធជាមួយនឹងអ្នកមានផ្ទុកវីរុសកូវីដ១៩ ដែលធ្វើឱ្យខេត្តបាត់ដំបង មានករណីអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៤ ០២៣ នាក់ហើយ ។

ក្នុងសេចក្តីប្រកាស បានបញ្ជាក់ដែរថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញនៅថ្ងៃនេះ ត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលព្យាបាល រួចរាល់ហើយដែរ និងបានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយចំនួន១៥០នាក់ ថែមទៀត ដោយបានបញ្ជូនពួកគាត់ ទៅកាន់ផ្ទះសម្បែងរបស់គាត់ និងឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃបន្តទៀត ក្រោមការត្រួតពិនិត្យ ពីអាជ្ញាធរមូលដ្ឋាន ទន្ទឹមនឹងនោះបើមានអ្វីមិនស្រួល ត្រូវឆាប់រាយការណ៍មកមន្ត្រីជំនាញ ដើម្បីយកសំណាកធ្វើតេស្តបន្តទៀត ។
ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ទៀត បានស្លាប់បាត់បង់ជីវិត និងត្រូវយកទៅបូជា តាមបច្ចេកទេស របស់សុខាភិបាលរួចរាល់ផងដែរ ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី៦ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤ ០២៣ នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ៤៩២ នាក់ មានករណីស្លាប់ចំនួន៤៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន១ ៤៨៣នាក់ ៕រក្សាសិទ្ធិដោយ៖CEN

