ភ្នំពេញ ៖ ថ្មីៗនេះ សារព័ត៌មានជាច្រើន បានចេញផ្សាយ អំពីការវិវត្ត (evolution) នៃសេដ្ឋកិច្ច មិនប្រើប្រាស់ក្រដាសប្រាក់ (Cashless economy) ដោយក្នុងនោះមានស្ថាប័ននិង ក្រុមហ៊ុនជាច្រើនបាន និងកំពុង ផ្សព្វផ្សាយ អំពី ជម្រើសនិងសេវាទូទាត់ដោយ មិនប្រើប្រាស់ក្រដាសប្រាក់ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងលើកទឹកចិត្តក្នុងការ រក្សា គម្លាត សុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រៅពីសារ ព័ត៌មានទាំងនោះ គេក៏សង្កេតឃើញថានៅតាមដងផ្លូវសាធារណៈ តាមបណ្តាហាងជាច្រើន ក៏ដូចជានៅស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ក៏បានទទួលយកនូវការវិវត្តថ្មីនេះផងដែរ។
អ្នកនាង វ៉ាន់ សុខហេង អាយុ ២៦ ឆ្នាំ ម្ចាស់ហាងលក់សម្ភារផ្គត់ផ្គង់ទារក បានបើកដំណើរការហាង កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ អ្នកនាងបានចាប់ផ្តើមផ្តល់ជម្រើសទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ (cashless payment) ដល់អតិថិជនរយៈពេល៣ ឆ្នាំ មក ហើយ ហើយអ្នកនាងបានលើកឡើងថា ដោយសារការចាប់ផ្តើម នៃការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឱ្យការទូទាត់ដោយមិនប្រើ ប្រាស់ក្រដាសប្រាក់នៅហាងរបស់អ្នកនាងបានកើនឡើង រហូតដល់ ៣០%។
អ្នកនាងបានប្រាប់ ថា “ក្រដាសប្រាក់ត្រូវបានបម្លាស់ទីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ យ៉ាងឆាប់រហ័សដូច្នេះយើងមិនអាចកំណត់ បាន ថា តើក្រដាសប្រាក់ទាំងនោះត្រូវបានកាន់ដោយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ឬ អត់ ។ “អំឡុងពេល នៃការរាតត្ប តជំងឺកូវីដ-១៩ ខ្ញុំបានមើលឃើញពីកំណើន នៃប្រតិបត្តិការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់នៅក្នុងហាងរបស់ខ្ញុំ ដែលបានកើនឡើងប្រហែលពី ២០% ដល់ ៣០% បើធៀបនឹង មុនពេលមានការរាតត្បាតជំងឺនេះ។ ចំពោះវិធីសាស្រ្តនៃការទូទាត់នេះ ខ្ញុំក៏តែងតែអនុវត្ត នៅពេល ខ្ញុំធ្វើការទូទាត់ប្រាក់បន្តជូន ក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ”។

អ្នកស្រី ប៊ុន សាដេត អាយុ ៤៣ ឆ្នាំ ម្ចាស់ហាងលក់ម៉ូតូ ដែលបានបើកដំណើរការកាលពី ឆ្នាំ ២០១៦ បានលើកឡើងថា ការ ទូទាត់ដោយ មិនប្រើប្រាស់ក្រដាសប្រាក់ នៅហាងរបស់គាត់បានកើនឡើងខ្លាំងរហូតដល់ ៦០% បើធៀបនឹងមុនពេលមានការរាត ត្បាតជំងឺកូវីដ-១៩។
អ្នកស្រី បានមានប្រសាសន៍ថា “អំឡុងពេលនៃការ រាតត្បាតជំងឺនេះ ខ្ញុំចង់ឱ្យអតិថិជនធ្វើការ ផ្ទេរប្រាក់តាមរយៈ កម្មវិធីសេវាធនាគារចល័ត (Mobile Banking App) ពីព្រោះ យើងមិនចាំបាច់ព្រួយបារម្ភ ពីការជួបអតិថិជនដោយ ផ្ទាល់។ យើង គ្រាន់តែបង្ហាញលេខគណនីធនាគាររបស់ យើងទៅអតិថិជន ហើយអតិថិជន អាចផ្ញើប្រាក់មកយើងបានយ៉ាងងាយស្រួល។ យើងក៏ ចំណេញ ពេលពីការរាប់ប្រាក់ផងដែរ។ យើងមិនចាំបាច់ កាន់ក្រដាសប្រាក់ទៀតទេ ដោយគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនមួយគ្រប់ គ្រាន់ ហើយ។ បច្ចុប្បន្ន ចំនួនអតិថិជន ដែលទូទាត់ប្រាក់តាមរយៈការផ្ទេរប្រាក់តាមកម្មវិធីសេវាធនាគារបានកើនឡើង ៦០% ដោយសារពួក គេភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ហើយយើង ក៏ខ្លាចឆ្លងដូចគ្នា”។
អត្ថ ប្រយោជន៍ នៃការទូទាត់ ដោយមិនប្រើប្រាស់ក្រដាស ប្រាក់ត្រូវបានមើលឃើញកាន់តែច្បាស់ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺ កូវីដ-១៩ ដែលជំរុញឱ្យអតិថិជនទូទាត់ទំនិញ ជាលក្ខណៈអនឡាញ ដែលការអនុវត្តនេះអាច កាត់បន្ថយ ការកាន់ក្រដាសប្រាក់ដោយផ្ទាល់។

លោក គង់ សំណាង អាយុ ៣០ ឆ្នាំ អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាបាន រៀបរាប់ថា “ការទូទាត់ប្រាក់តាមប្រព័ន្ធ អនឡាញធ្វើឱ្យ ខ្ញុំចំណេញ ពេលច្រើនហើយ ខ្ញុំក៏ទទួលបាន អត្ថប្រយោជន៍បន្ថែមតាមរយៈការបញ្ចុះតម្លៃទៀត ផង។ ការទូទាត់ដោយមិនប្រើប្រាស់ ក្រដាសប្រាក់មានសារៈសំខាន់ខ្លាំង ក្នុងអំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ-១៩ ដោយសារ យើងកំពុងព្យាយាមរក្សាគម្លាត សុវត្ថិភាព”។
បន្ថែមលើ ការគាំទ្រវិធាន ការរក្សាគម្លាត សុវត្ថិភាពតាមរយៈ ការទូទាត់ដោយ មិនប្រើប្រាស់ក្រដាសប្រាក់អតិថិជន ជាច្រើនបាន មើលឃើញកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍នៃវិធីសាស្រ្ត និងប្រព័ន្ធទូទាត់ថ្មីៗដែលត្រូវបានដំណើរការ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយ នេះ ។
លោក Nhepmey Retheerach (ញឹបម៉ី រិទ្ធីរាជ) អាយុ ២៦ ឆ្នាំ ដែលកំពុងបម្រើការងារ ក្នុងវិស័យសារព័ត៌មាន បានឱ្យដឹងថា “ខ្ញុំ ប្រើប្រាស់ការទូទាត់ជាលក្ខណៈ អនឡាញ រៀងរាល់ថ្ងៃនៅពេលទូទាត់ទំនិញ ដូចជា ទិញកាហ្វេនៅពេលព្រឹកនិង ទិញអាហារផ្សេងៗ។ ខ្ញុំក៏ធ្វើទូទាត់ថ្លៃ អគ្គិសនីតាមប្រព័ន្ធអនឡាញផងដែរ ដោយសារខ្ញុំមិនចង់ធ្វើដំណើរ ទៅកាន់បញ្ជរបេឡាបង់ប្រាក់អគ្គិសនីកម្ពុជា ឬ មិនចាំបាច់ចេញទៅក្រៅផ្ទះ ដើម្បីបង់ថ្លៃអគ្គិសនី តាមវិធីសាស្ត្រផ្សេងទៀ ដែល តម្រូវឱ្យទៅ បង់ នៅ តាម បញ្ជរឬភ្នាក់ងារផ្សេងទៀតឡើយ ។ លើសពីនេះ ការទូទាត់តាមអនឡាញ មានភាពឆាប់រហ័សនិង សុវត្ថិភាព”។
ខណៈពេលដែលការ ទទួលយកជម្រើសទូទាត់ដោយ មិនប្រើប្រាស់ក្រដាសប្រាក់មានកម្រិតខ្ពស់ ក្នុងចំណោមប្រជាជនកម្ពុជាវ័យក្មេង ពួកគេក៏បានឆ្លៀតយកឱកាសនេះ ដើម្បីណែនាំឱ្យឪពុកម្តាយ និងសាច់ញាតិ របស់ពួកគេប្រើប្រាស់ការទូទាត់តាមវិធីសាស្រ្តនេះ ផងដែរ។
លោក ញឹបម៉ី បានថ្លែងថា “នៅផ្ទះរបស់ខ្ញុំ មិនមែនតែខ្ញុំទេដែលប្រើប្រាស់ ការទូទាត់អនឡាញ ម្តាយរបស់ខ្ញុំក៏អាច ធ្វើប្រតិបត្តិការនេះបានដែរ។ កន្លងមក គាត់មិនយល់អំពីរបៀបទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់ទេ ប៉ុន្តែដោយសារ ខ្ញុំបង្រៀនគាត់ ឥឡូវគាត់ អាចធ្វើការផ្ទេរប្រាក់ពីផ្ទះទៅ ឱ្យកូនរបស់គាត់ ឬ ទៅកាន់មិត្តរបស់គាត់នៅកន្លែងធ្វើការ និងទិញអាហារ ក្នុង ពេលមានការរាតត្បាតជំងឺកូវីដ – ១៩ បាន”។
ចំពោះអ្នកប្រើប្រាស់ផ្សេងទៀតក៏បានកត់សម្គាល់ថា ប្រតិបត្តិការទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់ មិនត្រឹមតែធ្វើបាន ចំពោះការទិញទំនិញតូចតាច ដូចជា អាហារ ឬ ភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែអាចទូទាត់សម្រាប់ប្រតិបត្តិការធំៗបានផងដែរ។
លោក ជិន ដុល្លារ អាយុ ២៩ ឆ្នាំ ជាអ្នកផលិតវីដេអូមួយរូប បានជម្រាបថា “កាលពី២-៣ខែ មុនឪពុករបស់ខ្ញុំ បានលក់ដីមួយកន្លែង នៅ ក្នុងខេត្តមួយ ប៉ុន្តែគាត់មិនចង់កាន់ក្រដាសប្រាក់ ទៅដាក់នៅធនាគារដោយខ្លួនឯងទេ។ ដូច្នេះគាត់បានស្នើឱ្យអ្នកទិញដីធ្វើការផ្ទេរ ប្រាក់មកគាត់តាមកម្មវិធីបាគង ដែលជាកម្មវិធី សម្រាប់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឆ្លងអន្តរគ្រឹះស្ថាន គិតកម្រៃសេវាផ្ទេរប្រាក់ទាប និង មានសុវត្ថិភាពខ្ពស់ បើធៀបនឹងការធ្វើដំណើរទៅកាន់ធនាគារ នៅពេលមានក្រដាស ប្រាក់ច្រើនក្នុងដៃ”៕
៕រក្សាសិទ្ធិដោយ៖CEN