ភ្នំពេញ ៖ ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលមកពីប្រទេសឥណ្ឌា អាចចូលកម្ពុជាបានឡើងវិញហើយ បន្ទាប់ពី ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចលុបចោលបម្រាមហាមឃាត់ ដែលបានដាក់ចេញកន្លងមក។

ក្រសួងសុខាភិបាល បញ្ជាក់ថា ការអនុញ្ញាតឲ្យចូលកម្ពុជានេះ គឺយោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ស្ដីពីភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា។
ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា មានន័យថា អនុញ្ញាតឲ្យចូលប្រទេសកម្ពុជាឡើងវិញ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



