ខេត្តប៉ៃលិន ៖ ក្រោយពីរដ្ឋបាលក្រុងប៉ៃលិន បានសេចក្តីសេចក្តីលេខ២៣១ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ស្នើសុំបិទផ្សារជាបណ្តោះអាសន្ន ចំនួន២កន្លែង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសារតែមានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ដែលជាហេតុធ្វើឱ្យអាជីវករលក់ដូរក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី និងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន មានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាជីវភាព និងថវិកាសងជំពាក់បំណុលគេ ។

តាមការចាំបាច់នៃស្ថានភាព ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ក្រុងប៉ៃលិន នៅតែមានការឆ្លងរាលដាល ដែលជាបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភ ខណៈអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសុខាភិបាលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ និងមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែល តា (Delta) ។ ដូច្នេះរដ្ឋបាលក្រុងចាំបាច់ត្រូវតែបិទផ្សារជាបណ្តោះអាសន្នចំនួន០២កន្លែងគឺ ទី១. ផ្សារសាមគ្គី ហៅប៉ាហ៊ី ទី២. ផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមការបញ្ជាក់ពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ដោយសារតែមានបញ្ហាការរីករាលដាល នៃជំងឺកូវីដ ១៩ កំពុងតែផ្ទុះឡើងនៅក្នុងក្រុងប៉ៃលិន ទើបរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ដោយខាងលោកក៏បានជូនដំណឹង ដល់អាជីវករក្នុងផ្សារទាំងពីររួចរាល់អស់ហើយ ។ លោកបន្តទៀតថា ការបិទខ្ទប់ផ្សារទាំងពីរខាងលើនេះ មិនទាន់ដឹងរយៈពេលកំណត់នៅឡើយទេ ដោយក្រុមការងារកំពុង តែចុះទៅរៀបចំដីមួយកន្លែង នៅក្នុងស្តង់ដំឡូងមីរបស់ម្ចាស់ ឈ្មោះ សា ចំរើន ហៅអឿង ដើម្បីឱ្យប្រជាពលរដ្ឋលក់ដូរ បន្លែ និងត្រី សាច់ ជាបណ្តោះអាសន្ន ហើយខាងលោកកំពុងជាប់រវល់ មិនអាចធ្វើការនិយាយទូរស័ព្ទបានយូរនោះទេ រួចក៏បិទទូរស័ព្ទភ្លាមៗ តែម្តង ។

ចំណែកអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គីជាច្រើននាក់ បានរៀបរាប់ឱ្យដឹងដែរថា ៖ ក្រោយពីឃើញលិខិតរបស់រដ្ឋបាលក្រុងប៉ៃលិន បានបង្ហោះនៅលើបណ្តាញសង្គម ដោយត្រូវបិទខ្ទប់ផ្សារសាមគ្គីហៅប៉ាហ៊ី សារជាថ្មី ធ្វើឱ្យពួកគាត់ម្នាក់ៗ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវភាព ខណៈកាលពីមុនរដ្ឋបាលខេត្តប៉ៃលិន បានបិទចំនួន២ដងរួចមកហើយ ដែលធ្វើឱ្យម្នាក់ៗ មានការលំបាកជាខ្លាំង ដោយសារតែពួកគាត់ពឹងផ្អែកទៅលើការលក់ដូរនៅក្នុងផ្សារ លុះពេលបិទតូបរយៈពេលយូរ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ។

ពួកគាត់បន្តទៀតថា លើសពីនេះ ពួកគាត់មានការជំពាក់បំណុលខាងមីក្រូហិរញ្ញវត្ថុ ត្រូវបង់ជាប្រចាំទាំងដើម និងការប្រាក់ ឱ្យគេជារៀងរាល់ខែ ហើយបើទោះបីជាបិទតូបយ៉ាងណា ក៏ត្រូវតែបង់ឱ្យគេដែរ ។ ម្យ៉ាងវិញទៀត ការលក់ដូរនៅក្រៅផ្សារ ពិតជាមានការលំបាក ក្នុងការដឹកជញ្ជូនចុះឡើង ៗ ដោយពេលថ្ងៃ ត្រូវដឹកចេញពីផ្ទះ លុះពេលយប់ត្រូវដឹកយកទៅផ្ទះវិញ ព្រោះខ្លាចចោរលួច មិនដូចជាការលក់ដូរនៅក្នុងផ្សារឡើយ មានសន្តិសុខយាមកាមត្រឹមត្រូវ ។ ចំណែកអ្នកលក់ដូរសម្ភារ:ផ្សេងៗ នៅក្នុងផ្សារ ត្រូវបង្ខំចិត្តបិទតូប ធ្វើឱ្យពួកគាត់ជួបនឹងបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរ ហើយពួកគាត់ក៏សូមឱ្យអាជ្ញាធរខេត្ត ជួយសម្រួលបញ្ហាបិទផ្សារនេះដែរ ដោយគ្រាន់តែបិទតូបណាមួយ ដែលមានការឆ្លងជំងឺប៉ុណ្ណោះ បើបិទទាំងអស់បែបនេះ ពិតជាជួបនឹងការលំបាកខ្លាំងមែនទែនហើយ ។
សូមបញ្ជាក់ថា ការបិទផ្សារសាមគ្គី ហៅប៉ាហ៊ីនេះ ជាលើកទី៣ហើយ ចំណែកផ្សារថ្មីប៉ាហ៊ីជើង ទើបតែបិទជាលើកទី១ ខណ:អាជីវករមួយចំនួនទៀតសុខចិត្តធ្វើតាមកាលៈទេសៈ ដោយសារ តែមានអាជីវករឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ៕
រក្សាសិទ្ធិដោយ៖CEN



