ភ្នំពេញ ÷ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតបុកចូលទៅក្នុងក្លោងទ្វារវត្តព្រែកថ្លឹង បណ្តាលឲ្យបាក់រលំនិងបាក់ របងវត្តអស់មួយផ្ទាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុងច្រកចូលវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ 5A-2604 បើកបរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងក៏ បានវ៉ារ៉ីម៉កម៉ូតូកង់៣មួយគ្រឿងទៀត ដែលនៅខាងមុខបានជ្រុលចង្កូតបុកជាមួយក្លោងទ្វារ និងរបងវត្តព្រែកថ្លឹង បាក់អស់១ផ្ទាំង សំណាងល្អរថយន្តទៅមុខលែង ទើបមិនបណ្តាលឲ្យអ្នកបើកបរ និងព្រូរថយន្តរងរបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកកំពឹស ចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍បន្តទៅកាន់ជំនាញចរាចរណ៍ខណ្ឌដង្កោ បន្ទាប់ខាងសមត្ថកិច្ច បានឲ្យខាងតំណាងក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ងត៍ និងគណៈកម្មាការវត្តព្រែកថ្លឹង ចរចាគ្នានិងសងសំណងថ្លៃខូចខាតរបងនិងក្លោងទ្វារវត្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ៖ សួង សាម








