តាកែវ ៖ ថ្លែងក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន ០៤គ្រឿង ដល់បណ្ដាអធិការដ្ឋាននគរបាលចំនួន ០៤ស្រុកនៅក្នុងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជំរុញទៅដល់កងកម្លាំងនគរបាលឲ្យពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្កើ់នការយ៉ាមល្បាតតាមមូលដ្ឋាននានា កុំភ្លេចខ្លួន បើទោះបីជាមានការមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ។

លោកស្នងការបន្តថា រថយន្តចំនូួន ០៤គ្រឿង ដែលប្រគល់ជូនអធិការស្រុកត្រាំកក់ ស្រុកបាទី ស្រុកទ្រាំង និងក្រុងដូនកែវ នាព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការជួយសម្រួលដល់កងកម្លាំងនគរបាលជាតិ នៅមូលដ្ឋានទាំងអស់ប្រើប្រាស់ ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់រថយន្តនេះ សម្រាប់បង្កើនការយ៉ាមល្បាតអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការចេញនៅបម្រាមគោចរ ស្តីពីការបិទតំបន់នានានៅតាមមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា សម្រាប់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺទទួលបានរថយន្តចំនួន Ford Ranger Pick-up ចំនួន ១០គ្រឿងហើយ សម្រាប់បែងចែកទៅបណ្តាអធិការស្រុកក្រុងទាំង ១០ ។ ជាមួយគ្នានេះដែរ ទទឹមនិងទទួលបានរថយន្តសម្រាប់ប្រើប្រាស់ នៅតាមអធិការដ្ឋានរៀងៗខ្លួនផងដែរ កងកម្លាំងនគរបាលជាតិ ត្រូវគិតគូរពីសុខភាពខ្លួនជាចំបង និងគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។ ស្របពេលជាមួយគ្នានោះ កងកម្លាំងនគរបាលជាតិ ក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲខានតែបានផងដែរ ៕ រក្សាសិទ្ធិដោយ៖ តាកែវ



