Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើងបើកបុករថយន្តបែនដឹកដី បើកឆ្លងផ្លូវដែកវិលមួយជុំ សំណាងគ្មានអ្នករបួស

ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង ប្រភេទយុីយ៉ាន់ដាយយីឌុប បើកបរខ្វះការប្រុងប្រយ័ត្ន ឆ្លងផ្លូវដែកមិនមើលឆ្វេងស្តាំ ត្រូវបានរថភ្លើងបើកមកពីក្រោយ បុកវិលមួយជុំកៀរអូសគាបជាប់ទូកុងតឺន័រ សំណាងល្អមិនមានអ្នករងរបួស ខូចខាតរថយន្ត ក្បាលរថភ្លើងខ្ទេចពីមុខ និងកាប៊ីន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-4157 បើកបរដោយបុរសម្នាក់ ។ ចំណែករថភ្លើងខ្សែដឹកទំនិញ អូសសណ្តោងទូចំនួន២៧ទូ ផ្ទុកទំនិញ គ្រឿងសំណង់ មកពីក្រុងព្រះសីហនុ ចូលរាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកដីបើកតាមផ្លូវលំស្របផ្លូវដែក ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវដែក តែមិនបានប្រុងប្រយ័ត្ន ឆ្លងមិនទាន់ផុតផង ស្របពេលដែលរថភ្លើងបើកពីត្បូងទៅជើង បុករថយន្តបណ្តាលឲ្យវិលមួយជុំ អូសគាបជាប់ទូកុងតឺន័រ ទៅមុខលែងរួច សំណាងល្អគ្មានអ្នករងរបួស ខូចខាតតែរថយន្ត រថភ្លើងខ្ទេចក្បាលផ្នែកខាងមុខ និងខ្ទេចកាប៊ីន ចំហៀងខាងស្តាំ ។

តាមសម្តីអ្នកបើកបររថយន្តវិញ បានឲ្យដឹងថា គាត់ពិតជាមិនបានដឹងថា មានរថភ្លើងបើកមកពីក្រោយ ទើបហ៊ានបើកឆ្លងផ្លូវដែក ហើយគាត់ទទួលស្គាល់ហើយចំណុចកើតហេតុ មិនមែនចំណុចដែលក្រុមហ៊ុនអយស្ម័យយានឲ្យឆ្លងកាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងតំណាងក្រុមហ៊ុនអយស្ម័យយាន ចុះទៅពិនិត្យ រួចប្រគល់រថយន្តនិងអ្នកបើកបររថយន្ត ឲ្យទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ រីឯរថភ្លើងអនុញ្ញាតឲ្យបន្តដំណើរទៅមុខ ៕ រក្សាសិទ្ធិដោយ៖សួង សាម

×