Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងមន្ត្រីយោធាផ្កាយពីរ ចាក់ដីរំលោភយកអូររកា ៖ អភិបាលខេត្តកណ្តាល បញ្ជាឲ្យអភិបាលស្រុកខ្សាច់កណ្ដាល ចុះពិនិត្យមើល ដើម្បីអនុវត្តតាមច្បាប់

ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយព័ត៌មានមន្ត្រីយោធាផ្កាយពីរ ភឺន ផល្លា ប្រើរថយន្តយីឌុបជាច្រើនសិបគ្រឿង ដឹកអាចម៍ដីចាក់រំលោភយកអូររកា ដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គឺអភិបាលលខេត្តកណ្តាល បានបញ្ជាឲ្យអភិបាលស្រុកខ្សាច់កណ្ដាល និងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលទីតាំងចាក់ដីរំលោភយកអូររកា។

អភិបាលខេត្តកណ្តាលលោកគង់ សោភ័ណ្ឌ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែសីហានេះថា លោកបានឲ្យអភិបាលស្រុកខ្សាច់កណ្ដាល ទៅពិនិត្យដើម្បីអនុវត្តតាមច្បាប់។

ចំណែកអភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានការណែនាំ របស់លោកអភិបាលខេត្ត លោកបានឲ្យកម្លាំងចុះទៅពិនិត្យមើលទីតាំង ដែលចាក់រំលោភយកអូររកា ដែលស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។
លោកបានបញ្ជាក់ថា “ខ្ញុំបានឲ្យកម្លាំង ចុះទៅមើលហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា នេះ”។

អភិបាលស្រុកខ្សាច់កណ្ដាលមិនបានបញ្ជាក់លម្អិតនោះទេ ដោយលោកកំពុងតែប្រជុំ។
ប្រភពពីមន្ត្រីបានឲ្យដឹងថា អូររកាមានទទឹងប្រមាណជាង ៤០ម៉ែត្រ និងបណ្តោយលាតសន្ធឹង ពីព្រំប្រទល់ឃុំព្រែកហ្លួង និងភូមិព្រែកដូនហែម ទៅដល់ភូមិព្រែកក្របៅ៣ នៃឃុំព្រែកអំពិល។ អ្វីដែលសំខាន់នោះ អូររកាគឺជាប្រភពទឹកយ៉ាងសំខាន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់យកទឹកមកប្រើប្រាស់ និងស្រោចស្រពទៅលើដំណាំកសិកម្មផ្សេងៗ ក៏ដូចជាចរន្តសម្រាប់រំដោះទឹកផងដែរ។ ស្រាប់តែពេលថ្មីៗនេះគេឃើញ រថយន្តយីឌុបជាច្រើនសិបគ្រឿង បន្តកន្ទុយគ្នាដូចហែរកឋិន ដឹកអាចម៍ដីយកមកចាក់លុបទាំងបំពាន។

មន្ត្រីស្រុកខ្សាច់កណ្តាលដែល សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា អ្នកដែលចាក់ដីរំលោភយកអូររកា គឺជាមន្ត្រីយោធាផ្កាយឈ្មោះ ភឺន ផល្លា មានតួនាទីជាមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០។
លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានឲ្យដឹងថា ករណីនេះអាជ្ញាធរមិនដែល បានរាយការណ៍មកខាងមន្ទីរជំនាញនោះទេ។ រឿងចាក់លុបរំលោភលើដីរដ្ឋនេះ ពួកឈ្មួញមិនដែលមានឯកសារអ្វីនោះទេ។
ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×