ភ្នំពេញ ÷ ស្ត្រីម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង បានបត់ឆ្វេងបម្រុងនឹងត្រឡប់ក្រោយ ក៏ជ្រុលទៅបុកម៉ូតូម៉ាកនិចមួយគ្រឿង រួចកិនពីលើបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១ ចំណុចជាប់នឹងស្តុបផ្សារដីហុយ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកនិចមួយគ្រឿង ពណ៌ផ្កាឈូកពាក់ផ្លាកលេខភ្នំពេញ W 9544 បានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ជិតស្តុបផ្សារដីហុយស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BG-0838 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងមកត្បូងបម្រុងនឹងបត់ឆ្វេងត្រឡប់ក្រោយ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកនិច ចំពាក់កណ្តាលពេញទំហឹង រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ចំណែកឯស្រ្តីជាម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ ឲ្យនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយជាមួយជនរងគ្រោះ។

ក្រយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ដោយភាគីទាំងពីរ សម្រាប់សម្រួលគ្នាមិនត្រូវក៏ទំនាក់ទំនងបន្ត ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត



