ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោង បត់មិនប្រយ័ត្នបានជ្រុលចង្កូត ទៅបុកទីស្នាក់ការរបស់សមត្ថកិច្ច បណ្ដាលឱ្យរងការខូចខាតរួចជ្រុលក្បាលធ្លាក់ ចូលក្នុងប្រឡាយទឹក សំណាងល្អមិនគ្រោះថ្នាក់ ដល់អ្នករួមដំណើរជិតខាង និងតែកុងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រកែងនឹងផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តដឹកកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ 4A-9271 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតបទស្តាំមិនប្រយ័ត្ន បានរេចង្កូតទៅបុកទីស្នាក់ការ របស់សមត្ថកិច្ច បណ្តាលឲ្យរងការខូចខាត រួចជ្រុលក្បាលរថយន្តធ្លាក់ចូលទៅក្នុងប្រឡាតទឹក។ សំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែទីស្នាក់ការ របស់សមត្ថកិច្ចមួយតូបតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានពិនិត្យជុំវិញកន្លែងកើតហេតុ មិនមានអ្នករងរបួស ក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ ចុះឲ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំភាគីតំណាងរថយន្ត មកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត


