Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយ​ចំណាស់​ម្នាក់ សងសឹក​គ្រូទាយ ​ព្រោះ​តែ​គាត់រស់​បាន​ច្រើន​ជាង​ការ​ដែល​គ្រូទាយ​នេះ​បាន​ទាយ​

​ស្ត្រី​ចំណាស់​នៅ​ចិន​ម្នាក់ បាន​សង​សឹង​នឹង​គ្រូទាយ​ព្រោះតែ​គ្រូ​រូបនេះ​បាន​ទស្សន៍​ទាយ​ថា គាត់​នឹង​ស្លាប់​នៅ​ឆ្នាំ ២០១៧ ប៉ុន្តែ​ការពិត​គាត់​ពុំ​បាន​ស្លាប់​សោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្រុង​លូ​យ៉ាង ខេត្ត​ហឺ​ណាន ប្រទេស​ចិន គ្រា​ដែល​ស្ត្រី​ត្រកូល​វ៉ាង អាយុ ៧០​ឆ្នាំ កាលពី​ឆ្នាំទៅ​មិញ បាន​ទៅ​ជួប​គ្រូ​ទស្សន៍ទាយ ហើយ​គ្រូ​រូបនោះ​បាន​ប្រាប់ថា គាត់​ពុំ​មាន​ជីវិត​ឆ្លង​ចូល​ឆ្នាំ ២០១៨​ឡើយ ។

​ក្រោយពី​ឮ​គ្រូទាយ​បែបនេះ ការរស់នៅ​របស់​អ្នកស្រី​វ៉ាង​ការរស់នៅ​ពេញ​មួយឆ្នាំ ២០១៧ គឺជា​ឋាននរក​មួយ​ពិតប្រាកដ ព្រោះថា គាត់​តែងតែ​ខ្វាយខ្វល់​នឹង​ត្រៀម​ស្មារតី​សម្រាប់ “​ការ​លាចាក​លោក​” របស់ខ្លួន​។ គាត់​គេង​ពុំ​ឆ្ងាញ់​ដេក​មិន​ស្រណុក អារម្មណ៍​អាប់អួរ​លែង​មាន​ស្នាមញញឹម​ពេញ​១​ឆ្នាំ ២០១៧ ។​

​អ្នកស្រី​វ៉ាង ឲ្យដឹងទៀតថា តាំង​ពី​ជួប​គ្រូទាយ​នោះមក​ពេលវេលា​១​ថ្ងៃ នៃ​ជីវិត​ពិត​ជា​សុបិន្ត​ដ៏​អាក្រក់ ព្រោះ​ក្នុង​អារម្មណ៍​តែង​គិតថា ថ្ងៃ​នេះ​ប្រហែលជា​… វេលា​ចុងក្រោយ​របស់​ខ្លួន​ទេ​ដឹង ។​

​ក្នុង​ជីវភាព​ដូច​ពោល​ខាងលើ​ទោះ​យ៉ាងណា​ឆ្នាំ ២០១៧ បាន​កន្លងផុត​ហើយ​គាត់​ពុំ​មាន​បញ្ហា​អ្វី​ទាំងអស់ ។ យ៉ាង​នេះ​គួរ​ណាស់​គាត់​ត្រូវ​សប្បាយរីករាយ​ដោយសារ​ការ​ទស្សន៍ទាយ​ពុំ​បាន​ក្លាយជា​រឿង​ពិត ។ ផ្ទុយទៅវិញ​គាត់​បែរ​ជា​ចងកំហឹង​យ៉ាង​ខ្លាំង​ជាមួយ​គ្រូទាយ​រូប​នោះ​ដែល​នាំឲ្យ​គាត់​រងទុក្ខវេទនា​ពេញ​មួយឆ្នាំ​២០១៧​។​

​សប្តាហ៍​មុន​នេះ អ្នកស្រី​វ៉ាង​បាន​ជួប​គ្រូទាយ​ខាងលើ​ដោយ​ចៃដន្យ​នៅក្នុង​ឧទ្យាន​មួយ ។ កំហឹង​ដែល​ផ្ទុក​ពេញ​ឱ​រ៉ា​អំឡុងពេល​១​ឆ្នាំ​កន្លងមក​បាន “​ផ្ទុះឡើង​” គាត់​ស្ទុះ​ទៅ​វាយលុក​លើ​គ្រូទាយ​រូបនេះ​ព្រមទាំង​វាយ​កម្ទេច​នូវ​អ្វីៗ​ទាំងអស់​ដែល​គ្រូទាយ​នេះ​យក​តាម​ខ្លួន រហូតទល់​ពេល​ដែល​ប៉ូលិស​មកដល់​កន្លែងកើតហេតុ​ទើប​បង្អាក់​បាន​សកម្មភាព​សងសឹក​របស់​អ្នកស្រី​វ៉ាង​។​

​យ៉ាងនេះ​ក្តី​អ្នកស្រី​វ៉ាង​ពុំ​ត្រូវ​រង​ការពិន័យ​ដោយ​វាយប្រហារ​លើ​ជន​ដទៃ​ទេ ។ ពេល​ដឹង​ឮ​រឿង​នេះ​ប៉ូលិស បាន​បង្ខំ​ឲ្យ​គ្រូ​ទាយ “​មហា​ឆុត​” រូបនេះ ត្រូវ​សុំ​ទោស​អ្នកស្រី​វ៉ាង​ចំពោះ​ការ​ទស្សន៍ទាយ​ផ្តេសផ្តាស​បង្ក​ឲ្យមាន​ភាព​តានតឹង​ដល់​ជីវិត​របស់​អ្នក​ដទៃ​៕ ចន្ទ្រា​

×