ភ្នំពេញ ៖ ស្រូវសែនក្រអូបត្រូវបានស្គាល់ និងនាំមកធ្វើការដាំដុះដោយប្រជាកសិករនៅប្រទេសកម្ពុជា នៅពាក់កណ្តាល ទសវត្សទី៩០ ដែលណែនាំដោយក្រុមរោងម៉ាស៊ីនកិនស្រូវមួយចំនួន។ ពូជស្រូវនេះមានគ្រាប់អង្ករល្អ ក្រអូប និងអវេទរសទៅនឹងពន្លឺថ្ងៃដែលអាចដាំបានគ្រប់រដូវ (ជាស្រូវមិនប្រកាន់រដូវ)។នេះបើតាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២១។

យោងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញផលិតកម្មដំណាំស្រូវ និងការនាំអង្ករចេញ អ្នកនាំចេញអង្ករជាច្រើន បានលើកឡើងពីសក្តានុពល របស់អង្ករសែនក្រអូប សម្រាប់ទីផ្សារអន្តរជាតិ បានសំណូមពរឲ្យប្រជាកសិករកម្ពុជាជម្រុញ និង បង្កើនការដាំដុះដំណាំស្រូវសែនក្រអូប ដើម្បីបង្កើនផលិតភាពស្រូវសែនក្រអូប ទាំងនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា។ ទន្ទឹមនឹងនេះ មានបញ្ហាចម្បងមួយ ដែលនាំឲ្យប៉ះពាល់ដល់គុណភាពអង្ករ និងទិន្នផល គឺអវិសុទ្ធភាពនៃពូជស្រូវសែនក្រអូប។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC) បានធ្វើការបន្សុទ្ធពន្ធុប្រជាករពូជស្រូវសែនក្រអូប ចំនួនបួនប្រជាករ ដែលទទួលបានពី IFC និង ក្រុមហ៊ុនផលិតគ្រាប់ពូជ AQUIP។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល ៤ ឆ្នាំ (២០១៦-២០១៩)។
ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ វិទ្យាស្ថានកាឌី បានចាប់ផ្តើមការងារបន្សុទ្ធពូជ តាមរយៈវិធីសាស្រ្តជម្រើសឯកត្ត និងជ្រើសរើសបានស្រឡាយដែលល្អជាងគេចំនួនបី (PR1, PR2 និង PR3) សម្រាប់បញ្ចូលទៅក្នុងពិសោធន៍លើស្រែកសិករ ។
ពីខែធ្នូ ឆ្នាំ២០១៧ ដល់ ខែមេសា ឆ្នាំ២០១៩ វិទ្យាស្ថានកាឌីបានធ្វើពិសោធន៍បន្សាំពូជ លើស្រែកសិករបានចំនួន ១៣០ កន្លែង នៅក្នុងខេត្តចំនួន១០ គឺ៖ ខេត្តតាកែវ ព្រៃវែង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងស្វាយរៀង ដើម្បីសិក្សាលើសំដែងកម្មរបស់ស្រឡាយនីមួយៗក្នុងក្សេត្របរិស្ថានផ្សេងៗគ្នា។

ទន្ទឹមនឹងនេះយើងបានធ្វើទិវាស្រែបង្ហាញ ពីស្រឡាយត្រៀមបញ្ចេញ ដោយមានកសិករចូលរួមចំនួន៤៥នាក់។ ជាលទ្ធផលស្រឡាយ PR1 ទទួលបានទិន្នផលមធ្យមខ្ពស់ជាងគេគឺ ៣,៩ តោន/ហិកតា បើប្រៀបធៀបនឹងស្រឡាយ PR2 ទទួលបាន ៣,៨តោន/ហិកតា PR3ទទួលបាន ៣,៦តោន/ហិកតា និងពូជកសិករ ៣,៧ តោន/ហិកតា។ ក្រៅពីការវាយតម្លៃទិន្នផល វិទ្យាស្ថានកាឌីបានវិភាគគុណភាពអង្ករ ទាំងលក្ខណៈរូបសាស្រ្ត គុណភាពបាយ និងពន្ធុសាស្រ្ត (ពន្ធុក្រអូប) នៅក្នុមន្ទីរពិសោធន៍គុណភាពអង្ករ និងជីវបច្ចេកវិទ្យារបស់វិទ្យាស្ថាន។ យោងតាមលទ្ធផលទាំងនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាសេនាធិការផ្នែកស្រាវជ្រាវ ដំណាំកសិកម្មបានបញ្ចេញស្រឡាយ PR1 តាមរយៈគណៈកម្មការបញ្ចេញពូជដំណាំក្នុងឆ្នាំ ២០១៩ ដោយដាក់ឈ្មោះ ពូជស្រូវ “សែនក្រអូប០១” ។ ក្រោយការបញ្ចេញពូជនេះ គ្រាប់ពូជគ្រឹះចំនួន ៤ តោន ត្រូវបានផលិត និងចែកចាយដល់កសិករ និងអ្នកពាក់ព័ន្ធ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









