ភ្នំពេញ ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហាឆ្នាំ២០២១
នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យ រស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។
តួលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃអាទិត្យទី០៨ខែសីហានេះ។
ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លា និងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក៏ដូចខណ្ឌដទៃទៀតដែរ ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំ និងឱពុកម្ដាយនិងពួកគាត់ បានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា ។

លោកបញ្ជាក់ទៀតថា៖ កន្លងមក សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ,ខណៈដែលមានមនុស្សខិតខំដើរសុំឱ្យគេផ្ដាច់ជំនួយ ដល់កម្ពុជាទៅវិញ។
បន្ថែមពីនេះ សម្ដេច នូវបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួន មិនទាន់នឹងបានចាក់វ៉ាក់សាំង covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។ ។តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំង ជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនូវបានចាក់ដល់កុមារនិងយុវវ័អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ៖នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌ ត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារនិង យុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែល ជាការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។

ចំណែកលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី០៨សីហានេះដែរថា ៖សម្រាប់រាជធានីភ្នំពេញ កុមារនិងយុវវ័យ អាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ។ នេះជាការគិតគូរមួយ របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួន មិនទាន់បានទទួលការចាក់វ៉ាក់សាំង ដូចកម្ពុជានៅឡើយទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




