ភ្នំពេញ ÷ បុរសវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ក្រោយពេលដឹកតាមម៉ូតូយកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីត្រូវបានខ្សែភ្លើងឆក់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិត្រពាំងព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះហៅក្រៅ ឈ្មោះ ហោ ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់ភូមិត្រពាំងព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មាន ពីក្រុមគ្រួសារសពបានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយជនរងគ្រោះ គាត់បានចេញពីផ្ទះទៅតភ្លើងឲ្យផ្ទះអ្នកនៅជិតខាង ខណៈពេលដែលគាត់បានឡើងទៅរៀបចំតភ្លើង ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យគាត់ធ្លាក់ មកក្រោមចូលអាងទឹក បន្ទាប់មកមានបុរសនិងស្រ្តីជាច្រើននាក់ ត្រូវជាបងប្អូនក៏បានលើកជនរងគ្រោះ យកមកកប់ខ្សាច់អស់រយៈពេលជិតមួយម៉ោង ដោយស្ថានភាពជនរងគ្រោះ មានសភាពស្លេកស្លាំង បាត់មាត់បាត់ក រួចក្រុមគ្រួសារក៏បានដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះបន្ទាន់ ខណៈពេលចូលដល់មន្ទីរពេទ្យលោកសង្ឃ ដោយក្រុមគ្រូពេទ្យពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏ខាងមន្ទីរពេទ្យប្រគល់សពឲ្យក្រុមគ្រួសារដឹកតាមម៉ូតូយកត្រឡប់ទៅផ្ទះ វិញ។

បន្ទាប់ពីក្រុមគ្រួសារ បានដឹកសពតាមម៉ូតូត្រឡប់ ដល់ផ្ទះវិញក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យភ្លាមៗ និងធ្វើកំណត់ហេតុ ឲ្យក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត



