ភ្នំពេញ ៖ បើទោះជាវី ឌីណែត ជាសះស្បើយពីជំងឺកូវីដ១៩ ច្រើនខែមកហើយនោះ ក៏គេមើលឃើញថា វី ឌីណែតហាក់មិនទាន់ បើកឱកាសចូលឆាកតន្ត្រីឡើងច្រៀងឡើងវិញ ដូចការសន្យានៅឡើយ។ យ៉ាងណាគេស្រាប់តែមើលឃើញ កូនស្រីលោកហួរ ឡាវី បែរជាបង្ហាញនូវអារម្មណ៍ជាមួយស្ទាយលេង ម៉ូដប្លែកៗហាក់បន្លប់សេចក្តីតានតឹងដែលនាង និងសាច់ញាតិបានពើបប្រទះ។

វី ឌីណែត នៅមិនទាន់ហ៊ានព្រមបើកឱកាសចូលច្រៀងឡើងវិញ តាមការសន្យាដែលនាងនឹកនាអ្នកគាំទ្រណាស់។ នេះអាចប្រហែលជា ឌីណែត អាចមិនទាន់ទុកចិត្ត១០០% នៃការបន្តឆ្លងនូវ មេរោគ កូវីដ១៩កំពុងបន្តរីក មិនទាន់ថមថយ។ ដូចនេះហើយមានតែការ រស់នៅគម្លាតគ្នាមួយរយៈសិន ព្រោះនាងធ្លាប់មានដានមើលមិនឃើញ ហើយខំប្រយ័ត្នដោយចុងក្រោយនូវតែភ្លាត់ស្នៀតផ្ទុក កូវីដ១៩ទាល់តែបាន។ ម្ល៉ោះហើយទើបនាងនូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ បំផុតដោយមិនចង់មានដានចាស់ងើបឡើងវិញ។
វី ឌីណែត ជាតារាចម្រៀងម្នាក់ដែល តស៊ូបោះជាមួយតួនាទីសិល្បៈតាំងពីនៅក្មេងៗ។ នាងដុះខាត់ការច្រៀង ដោយឪពុកជាអ្នកជួយបង្ហាត់បន្ថែមជាមួយ ការដកបទពិសោធន៍ច្រៀងពីអ្នកនៅជុំវិញខ្លួន។ ក្រុមគ្រួសាររបស់នាង បានសាងសេចក្តីសុខរមនាបានច្រើនឆ្នាំ ដោយមិនដែលធ្លាប់គិតឡើយថា មានការបែកគ្នា។ ទើបតែឱកាសវាយលុកមេរោគផ្លូវដង្ហើមកូវីដ១៩ បក់មកធ្វើឲ្យបងប្អូន ក្រុមគ្រួសារនាងប៉ះទង្គិចជាច្រើនគ្នា ។

អ្វីដែលក្លាយជាវិប្បដិសារីគឺសែនស្តាយការបាត់បង់ ម្តាយដ៏លឿនព្រោះមេរោគនេះ ដែលនឹកមិនដល់សូម្បីតែការជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល ក៏មិនបាន។ នេះជារឿងសង្វែកមួយ ដែលមហាជនក្នុងនិងក្រៅប្រទេស ពិតជាសោកស្តាយនិងអាណិតក្រៅលែង ដល់រូបភាពលើលោកហួរ ឡាវី និងសាច់ញាតិគ្រួសារ៕ រក្សាសិទ្ធិដោយ៖សំណាងSV
















