Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមបីរួមគ្នា លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការយល់ដឹងលើការ ទទួលបានហិរញ្ញប្បទាន របស់សហគ្រិនជាស្រ្តី

ភ្នំពេញ​ ៖ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពី ការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្រ្តី។

អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកគាំទ្រ ដល់ផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោម សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងនោះ បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរវាងសមាគមទាំងបី ក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក និងការសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាព នៃវិស័យធនាគារជូនដល់សមាជិក ដែលជាសហគ្រិនស្រ្តី លើកកម្ពស់ការយល់ដឹងជាសាធារណៈ ទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹង លើការទទួលបានហិរញ្ញប្បទាន របស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យម ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកបណ្ឌិតបន្តថា៖ «ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំងបីនឹងជួយចូលរួមផ្សព្វផ្សាយ និងការលើកកម្ពស់សមភាព យេនឌ័រ (Gender Equality) ហិរញ្ញប្បទាន បៃតង (Green Loan) ហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) និងទំនួលខុសត្រូវសង្គម (Social Responsibility) តាមរយៈការលើកកម្ពស់ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។ »
ស្របគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងក្លាយជាចលករជំរុញបន្ថែម ដល់ការអភិវឌ្ឍ អាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត២លាននាក់ ក្នុងទំហំឥណទានសរុប ជាង ៧ ៧៣០ លានដុល្លារ។ លោកក៏បានគូសបញ្ជាក់ដែរថា ភាគច្រើនលើសលុបនៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។

ដោយឡែក លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្រ្តី ដើម្បីពង្រីកអាជីវកម្មឱ្យបានកាន់តែធំជាងមុន។ លោកជំទាវក៏បានលើកឡើងដែរថា ចំណេះដឹងសហគ្រិនស្រ្តីមួយចំនួននៅមានកម្រិត ជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត ដែលកត្តាទាំងអស់នេះ ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាក ក្នុងការផ្តល់កម្ចីដល់សហគ្រិនជាស្រ្តីឱ្យបានតាមតម្រូវការ។
លោកជំទាវបន្តថា ក្រោមកិច្ចសហការនេះ សមាគមហិរញ្ញវត្ថុទាំងពីរ នឹងជួយពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបណ្តុះបណ្តាល ឱ្យយល់ដឹងស៊ីជម្រៅលើបញ្ជីគណនេយ្យជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់ សមាគមហិរញ្ញវត្ថុទាំងពីរ ជួយកែសម្រួលបែបបទក្នុងការផ្តល់ឥណទាន ដល់សហគ្រិនជាស្រ្តីឲ្យបានកាន់តែធំទូលាយ មានភាពងាយស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ។ លោកជំទាវក៏បានជំរុញលើកទឹកចិត្តដល់សហគ្រិនស្រ្តីចុះបញ្ជីឲ្យបានត្រឹមត្រូវនិងស្របច្បាប់ ដើម្បីទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងដើម្បីកសាងទំនុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

អនុស្សារណៈស្តីពីការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ បានចុះហត្ថលេខា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ និង មានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។ អនុស្សារណៈនៃកិច្ចព្រមព្រៀងនេះមាន០៣ ច្បាប់ដើម ដោយភាគីនីមួយៗ រក្សាទុក ០១ ច្បាប់ដើម។ សមាគមទាំងបី រួមជាមួយនឹងសមាជិករបស់ខ្លួន នឹងប្តេជ្ញាអនុវត្ត និង ចែករំលែករួមគ្នា ក្នុងលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យអនុស្សារណៈនេះទទួលបានលទ្ធផល ដែលឆ្លុះបញ្ចាំងឱ្យបានល្អបំផុតពីបំណងពិត និង គោលការណ៍ដើមរវាងសមាគមទាំងបីនេះ៕
រក្សាសិទ្ធិដោយ៖CEN

×