Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម ៤​លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃ​នេះ សហរដ្ឋអាមេរិក​បានប្រកាស​ផ្តល់​ជំនួយបន្ថែមចំនួន ៤ លាន​ដុល្លារជា​ជំនួយ​បន្ទាន់​ទាក់ទង​នឹងការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេស​កម្ពុជា។ ជំនួយ​នេះ ​នឹង​ផ្តល់ការ​គាំទ្រ​ទាន់​ពេល​វេលា ពិសេស​ដោយយោលលើអំណោយនាពេលថ្មីៗ​នេះ​របស់សហរដ្ឋអាមេរិកជាវ៉ាក់សាំងJohnson & Johnson ចំនួន ១​ ០៦០ ១០០ ដូស​ដែល​ត្រូវ​បាន​ផ្តល់​តាមរយៈ​យន្តការ​កូវ៉ាក់ក្នុងការ​បង្កើន​នូវភាព​ត្រៀម​ជាស្រេច​របស់​ប្រទេស​​កម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ក្នុងចំណោមប្រជាជន​ដែល​ត្រូវ​ចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បី​គ្រប់គ្រង​ជំងឺកូវីដ១៩ និងពង្រឹងផ្នែក​មន្ទីរ​ពិសោធន៍ ដើម្បី​លើក​កម្ពស់សមត្ថភាព​ក្នុងការធ្វើតេស្ត។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជាW. Patrick Murphy បាន​មាន​ប្រសាសន៍​ថា៖ «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើង​នៃ​ជំងឺមាន​សារសំខាន់ណាស់ មិនត្រឹមតែ​ដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែ​ថែមទាំង​ដើម្បី​​ធានា​​​វិបុល​ភាព​នៃសេដ្ឋកិច្ច និងការពារសន្តិសុខ​របស់ប្រទេសយើងផងដែរ។ យើងមានមោទនភាព​ក្នុង​ការ​​ផ្តល់​ការគាំទ្រ​នេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេអ្នកជិតខាង និងអនាគត​នៃសេដ្ឋកិច្ច​របស់​​​គេ»។

ជំនួយបន្ថែម​នេះ ដែល​បាន​មកពី​ផែនការ​ជួយ​សង្គ្រោះ​របស់​អាមេរិកគឺជា​ការ​បន្ថែម​លើ​ជំនួយ​ចំនួន​ជាង ១១ លានដុល្លាររបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់​កម្ពុជា តាំងពីជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង។ ការគាំទ្រ​នេះ​បានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយ​មាន​ជា​សម្ភារៈ​លើក​កម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និង​ផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រ​នេះ​ថែម​​ទាំង​បាន​លើក​កម្ពស់​សមត្ថភាព​ផ្នែក​មន្ទីរ​ពិសោធន៍ ពង្រឹង​ជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយ​បាន​ជួយ​បន្ធូរបន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ពី​មេរោគ​រាត​ត្បាត​នេះ។

ការខិតខំទាំង​នេះគឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍​មកហើយ ក្នុងការ​ជួយ​​សង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុងការ​ដោះស្រាយ​វិបត្តិ​ផ្នែក​សុខភាព​ជាសាកល។ តាំងពីឆ្នាំ ១៩៩២ មកសហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​អស់ជាង ១,៥៤ ពាន់លាន​ដុល្លារនៅកម្ពុជា តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​​អាមេរិកUSAID ។ ថវិកានេះ​រួមមានប្រាក់ចំនួនជាង ៣៧៧ លាន​ដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ ឆ្នាំនិងមរណភាពមាតា ជំងឺ​គ្រុន​ចាញ់ របេង អេដស៍ កង្វះអនាម័យកង្វះអាហារូបត្ថម្ភ ភាពក្រិន និង​ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​​ប្រទេស​​​កម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និង​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​សុខា​ភិបាល​របស់​ខ្លួន។

ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។តាមរយៈការងារ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិកមជ្ឈ​មណ្ឌល​​​កម្ចាត់​ជំងឺឆ្លងសហរដ្ឋអាមេរិកវិទ្យាស្ថាន​ជាតិ ​សុខភាព​សហរដ្ឋ​អាមេរិក​ អង្គភាព​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​​របស់​កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀតសហរដ្ឋអាមេរិក​ មាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយប្រទេសកម្ពុជាដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរ​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរផ្នែកសង្គម និង​សេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវ​ពិភព​លោក​មួយ ដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំង​នឹង​ការ​ផ្ទុះ​​ឡើង​នៃជំងឺ​ទៅអនាគត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×