ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានជំនុំជម្រះបណ្តឹងឧទ្ធរណ៍ របស់បុរសជាប់ចោទ ម្នាក់ ក្នុងចំណោមជនជាប់ចោទចំនួន ០៥នាក់ មានស្រីម្នាក់ ដែលតាំងខ្លួនជាម្ចាស់ដី ហើយដើរចង្អុលដីគេលក់យកប្រាក់កក់ បានចំនួន ៥ម៉ឺនដុល្លារ និងត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ពី ១ ឆ្នាំ ៦ ខែ ទៅ ២ ឆ្នាំ ៦ ខែ កាលខែកញ្ញា ឆ្នាំ ២០២០។

លោកប្លង់ សំំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញបានថ្លែងឲ្យដឹងថា ជនទាំង៥ នាក់ ដែលតាំងខ្លួនជាអ្នកទទួលសិទ្ធិលក់ដី និង លួចលក់ដីគេនេះ មានឈ្មោះ ទី ១ ឈ្មោះ នួន ប៊ុណ្ណា, ទី ២ ឈ្មោះ ច្រឹក ចិត្រា, ទី ៣ ឈ្មោះ តន់ សុផាន់ណារិន (ភេទស្រី), ទី ៤ ឈ្មោះ ហ៊ាន អេងទ្រី និងទី ៥ ឈ្មោះ ភោគ សានិន ហៅ សម្បត្តិ។
ក្នុងចំណោម ជនជាប់ចោទទាំង៥នាក់ខាងលើនេះ ជនជាប់ចោទឈ្មោះ នួន ប៊ុណ្ណា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ៦ ខែ ចំណែកឯ ជនជាប់ចោទ ៤ នាក់ទៀត ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ១៨ ខែ ពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ តាមមាត្រា ២៥៥ នៃ ច្បាប់ភូមិបាល។
តុលាការខេត្ត ក៏បានបង្គាប់ឱ្យ ទាំង៥ រូប រួមគ្នា សងជំងឺចិត្ត ចំនួន ៥០លានរៀល ទៅម្ចាស់ដី ដែលត្រូវជាភាគីដើមបណ្តឹង។

លោកចៅក្រមបានថ្លែងថា ចំពោះសាលក្រមខាងលើនេះ, ជនជាប់ចោទ ឈ្មោះ នួន ប៊ុណ្ណា ប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែ ជនជាប់ចោទ៤ មិនបានប្តឹងជំទាស់ឡើយ។
លោកចៅក្រមបានបន្ថែមថា ពួកគេត្រូវបានចាប់ខ្លួន ដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយម្ចាស់ដីស្របច្បាប់ កាលពីសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមជនសង្ស័យ ជាប់ចោទ ទាំង ៥នាក់ ខាងលើនេះ តែងតែ រកស៊ីដើរចង្អុលដីគេលក់យកលុយកក់ រួចហើយគេចខ្លួន ។ ហើយពេលអស់លក្ខណ៍និង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងវត្ថុតាងជាក់ស្តែង រួមមានប្លង់ដីកូពីទំហំជាង ១៧ហិកតា និងកិច្ចសន្យាប្រគល់ទទួលប្រាក់កក់ ៥ម៉ឺនដុល្លារ ខណៈដែល ពួកគេកំពុងតែរាប់ប្រាក់ពីម្ចាស់ដី ដែលក្លែងជាអ្នកទៅទិញដីនោះវិញ។

លោក ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការនេះ បានឲ្យដឹងថា ក្រោមដីកាបង្គាប់ និងសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកស្រី ចន្ទ សូរស្មី និងមានការចង្អុលបង្ហាញពី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសបាន ៥នាក់ ជាមួយនឹងវត្ថុតាងជាក់ស្តែងនៅកន្លែងតែម្តង ខណៈពួកគេកំពុងធ្វើកិច្ចសន្យាកក់ប្រាក់លក់ដី ជាង១៧ហិកតា ពេលជនល្មើសកំពុងទទួលប្រាក់កក់ ចំនួន៥ម៉ឺនដុល្លារ ពីម្ចាស់ដីដើមស្របច្បាប់ផ្ទាល់តែម្តង។
លោកបានមានប្រសាសន៍ថា នេះជាករណីឆបោកដីធ្លីធំលើកដំបូង ដែលកងកម្លាំងអាវុធហត្ថខេត្ត បានធ្វើការបង្ក្រាបខណៈដែលកន្លងមកធ្លាប់មានតែករណីឆបោកតូចៗ ហើយក្រុមនេះជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ ហើយដោយមានកិច្ចសហការយ៉ាងល្អ ពីម្ចាស់ដីផ្ទាល់ ទើបធ្វើឲ្យសមត្ថកិច្ច អាចក្រសោបបានក្រុមជនល្មើស ក្នុងពេលកំពុងប្រព្រឹត្តល្មើសជាក់ស្តែងតែម្តង។

លោកបានបញ្ជាក់ថា ដីទំហំជាង១៧ហិកតា ស្ថិតនៅក្នុងភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធិស្របច្បាប់របស់ឈ្មោះ លឹម ជិប និងឈ្មោះ លីម ហ្វា ដែលមានឯកសារប្លង់រឹង កាន់កាប់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ៖ 05050718-0001 នៃសន្លឹកផែនទីលេខ៖ 5932-lll 121 ចេញដោយសុរិយោដី ខេត្តកំពង់ស្ពឺ។
ប៉ុន្តែជនល្មើសដែលតាំងខ្លួនថា ទទួលសិទ្ធិពីម្ចាស់ដីខាងលើនេះ បានយកដីនេះមកលក់ប៉ះចំលើម្ចាស់ដី។
ម្ចាស់ដីក៏ចាត់តំណាងប្រើល្បិចធ្វើជាទិញដីនេះវិញ ដើម្បីវែកមុខជនល្មើសដែលក្លែងបន្លំ និងឆបោក។ ជាលទ្ធផល ពេលមានការព្រមព្រៀងគ្នា ជនល្មើស ក៏បានទៅចង្អុលបង្ហាញដីនេះចំលើប្លង់ដីរបស់ខ្លួនតែម្តង និងបានធ្វើលិខិតទទួលប្រាក់កក់ទ្រនាប់ដៃ ចំនួន៥ម៉ឺនដុល្លារ ដែលមានឈ្មោះ នួន ប៊ុណ្ណា រស់នៅភូមិចុងស្រុក ឃុំជង្រក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឈរជាតំណាងឲ្យបក្ខពួក កក់ពីលើតម្លៃដីសរុបជាង៣លាន១ម៉ឺនដុល្លារ ដែលត្រូវបង់បន្ថែមបង្គ្រប់ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ទៅតាមការព្រមព្រៀងនិងត្រូវទូទាត់តាមធនាគារផង។

ប៉ុន្តែគ្រប់សកម្មភាព គឺសុទ្ធតែស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានត្រៀមខ្លួនទុកជាមុន ហើយនៅពេលដែលរៀបចំលិខិត កិច្ចសន្យាប្រគល់ប្រាក់ ផ្តិតមេដៃរួចរាល់ ពីភាគីទាំងសងខាង និងប្រគល់ប្រាក់កក់ ចំនួន៥ម៉ឺនដុល្លារ ខណៈក្រុមជនល្មើសកំពុងរាប់ប្រាក់ សមត្ថកិច្ចក៏ធ្វើសមកម្មភាពឃាត់ខ្លួនក្រុមនេះ ជាមួយភស្តុតាងជាក់ស្តែង។
សូមបញ្ជាក់ថា ដីដែលក្រុមជនឆបោកតាំងខ្លួនជាម្ចាស់ មានទំហំ ១៧៥,២៥៦ម៉ែត្រការ៉េ ត្រូវក្រុមជនល្មើសប្រកាសដាក់លក់ ក្នុងតម្លៃ៣៥ដុល្លារ ក្នុង១ម៉ែត្រការ៉េ និង មានតម្លៃជាង ៦លាន ដុល្លារអាមេរិក ហើយកបានចាប់ម៉ូយប៉ះចំលើម្ចាស់ដីដើមផ្ទាល់ ទើបបានជាម្ចាស់ដីសហការជាមួយសមត្ថកិច្ច និងតំណាងអយ្យការអមតុលាការខេត្ត ប្រមូលភស្តុតាង និងប្រើកម្លាំង ចុះចាប់ខ្លួនបាន។សំំណរឿងក្តីនេះ សាលាឧទ្ធរណ៍ ភ្នំពេញ លើកពេលប្រកាសសាលដីកានៅថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ ២០២១៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

