Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកប្តេជ្ញាចិត្ត ក្នុងការធ្វើជាដៃគូ ជាមួយកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩

ភ្នំពេញ ៖ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្ត ក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយដែលមាន ការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺទៅអនាគត។ ក្រៅពីការប្តេជ្ញាចិត្តនេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជា។

តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេស ដោយយោងលើអំណោយនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១០៦០១០០ដូស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូរ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បី លើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy បានមានប្រសាសន៍ថា “ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មាន សារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ”។

លោកទូតបានបន្តថា ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួនជាង ១១លានដុល្លាររបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។ ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមវិទ្យុ សារតាមទូរស័ព្ទ និ ផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹង ជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគរាតត្បាតនេះ។

ការខិតខំទាំងនេះគឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការ ជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយវិបត្តិផ្នែកសុខភាព ជាសាកល។ តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១,៥៤ ពាន់លាន ដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថវិកានេះរួមមានប្រាក់ចំនួនជាង ៣៧៧ លាន ដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាព របស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខា ភិបាលរបស់ខ្លួន។
ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។

តាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជា ដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និង សេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយ ដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះ ឡើងនៃជំងឺទៅអនាគត៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×