ភ្នំពេញ ÷ បុរស២នាក់រងរបួសធ្ងន់ម្នាក់និងស្រាល ខណ:បើកម៉ូតូកង់៣ឥណ្ដា ពេលមេឃកំពុងធ្លាក់ភ្លៀង រអិលរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅ១០៤ ភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស្កពាក់ផ្លាកលេខ ភ្នំពេញ 2AC- 7719 បើកបរពីទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូកង់៣ផលិតនៅប្រទេសឥណ្ឌាមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HQ-5545 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងភ្ញៀវម្នាក់ទៀត ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើតហើយក៏បានវ៉ារថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខ ខណៈមេឃកំពុងតែធ្លាក់ភ្លៀងផងដែរនោះ ក៏រអិលរឹចង្កូតទៅបុករថយន្តហាយឡែនឌ័រចំពីមុខ យ៉ាងពេញទំហឹងកំប៉ិតកៀបជាប់ អ្នកបើកម៉ូតូកង់៣ឥណ្ឌា បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរជាមួយរងរបួសស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជនម្លិះ ដឹកយកទៅធ្វើការសង្រ្គោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលគងណយ សហការជាមួយកម្លាំងជំនាញ នគរបាលចរាចរណ៍ខណ្ឌ បានចុះទៅធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងយករថយន្តនិងម៉ូតូកង់៣ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ÷ សួង សាម


