Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង អំពាវនាវឱ្យទប់ស្កាត់មែនទែន, ក្នុង១ថ្ងៃរកឃើញវីរុស Delta ៥៨នាក់ ខណៈសរុបកើនដល់ ៣៨៥នាក់

ភ្នំពេញ ៖ មិនអាចដកសេចក្តីព្រួយបារម្ភបាននោះទេ ព្រោះថា ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន បញ្ជាក់ថា រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណី ថែមទៀត ដែលជាសញ្ញាបង្ហាញនូវហានិភ័យចំពោះអត្រានៃការឆ្លង និងស្លាប់របស់ប្រជាជនកម្ពុជា។

ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន ៣៨៥នាក់ (ស្រី១៨៧នាក់)។

យោងតាមលទ្ធផលខាងលើនេះ បានបង្ហាញឲ្យឃើញថា វីរុស Delta បាននិងកំពុងបន្តរាតត្បាតវាយលុក នៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេស បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។

តាមខ្លឹមសាររបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា ការចម្លងវីរុសកូវីដ-១៩នាបច្ចុប្បន្ននេះ មានសម្ទុះកើនឡើងលឿនលើយុវវ័យ ដែលក្រុមនេះបានដើរចេញទៅក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្កិច្រើន , ហេតុដូច្នេះសូមអំពាវនាវដល់ក្រុមយុវវ័យគ្រប់រូបភាព សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ ជាពិសេស គឺ អនុវត្តវិធានការ ៣កុំ ៣ការពារ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មីទៀតថា ទោះជាយ៉ាងណាក្រសួងសុខាភិបាល សូមអំពាវនាវដោយទទូច ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន តាមវិធានការក្រសួងសុខាភិបាល, វិធានការរដ្ឋបាលរាជធានី-ខេត្ត និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ កុំភ្លេចខ្លួនឲ្យសោះ , ដោយត្រូវតែនឹកឃើញដល់ការការពារខ្លួនជាប់ជានិច្ច , ត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកដែលថា ” រៀនរស់នៅធម្មតាជាមួយ វីរុសកូវីដ-១៩ តាមបែបកន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួកវីរុសប្រភេទបំប្លែងថ្មី ឬក៏ប្រភេទផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×