ភ្នំពេញ ៖ ប្រជាពលរដ្ឋនឹងទទួលបានការប្រើប្រាស់សេវាទូរស័ព្ទ និងអ៉ីនធើណេត កាន់តែទូលំទូលាយ និងស្ដាប់ឮច្បាស់បានល្អជាងមុន នៅពេល ៦ឆ្នាំខាងមុខទៀត ដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំពុងជំរុញការដាក់ពង្រាយ អង់តែនទូរស័ព្ទនៅទូទាំងផ្ទៃប្រទេស ធ្វើយ៉ាងណាឱ្យបញ្ចប់នៅ ឆ្នាំ២០២៧ ខាងមុខ ដើម្បីធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ ពេញលេញ មិនថា នៅទីជនបទដាច់ស្រយាលឡើយ។

ការលើកឡើងបែបនេះរបស់ លោក ជា វ៉ាន់ដេត គឺនៅក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធ Zoom នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយ លោករដ្ឋមន្ត្រី បញ្ជាក់ថា តាមផែនការ ការពង្រាយអង់តែនទូរស័ព្ទនេះ គឺធ្វើឲ្យបាននៅតាមគ្រប់ ឃុំ-ស្រុក ទាំងអស់ ទូទាំងប្រទេសកម្ពុជា ដែលនឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំង ការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៉ីធឺណេត។ ខណៈសព្វថ្ងៃនេះ ប្រព័ន្ធសេវា នៅតំបន់មួយចំនួន ពិសេស នៅទីជនបទដាច់ស្រយាល មិនទាន់មានគ្រប់គ្រាន់នៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN











