ស្ទឹងសែន ៖ មេរោគកូវីដ-១៩ បានឆ្លងចូលដល់ផ្សារស្ទឹងសែនហើយ ត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន, អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបិទជាបណ្ដោះអាសន្ន ” ផ្សារស្ទឹងសែន ” ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមមន្ត្រីជំនាញ បានឲ្យដឹងថា អាជីវករគ្រប់គ្នាដែលប្រកបអាជីវកម្មនៅផ្សារស្ទឹងសែននេះ ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដើម្បីព្យាបាល និងកាត់ផ្ដាច់ការចម្លង, ចំណែកអ្នកធ្លាប់ចេញ-ចូលផ្សារ ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃដដែល អាជ្ញាធរខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងស្លាប់ចំនួន ២នាក់៕ រក្សសិទ្ធិដោយ៖ពិសិដ្ឋ CEN







