កំពង់ស្ពឺ ៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានរាតត្បាត និងធ្វើឱ្យវិស័យជាច្រើនធ្លាក់ចុះ។ ប៉ុន្តែបើក្រឡេកមកមើល ការផលិតនាំចេញ និងតម្លៃស្ករត្នោតកំពង់ស្ពឺ មិនប៉ះពាល់នោះឡើយ ពីវិបត្តិនេះ។

ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចូលក្នុងបញ្ជី ម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ (EU Quality) ។ ជាស្ករត្នោតដែលទទួលបាននូវការគត់សម្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។ ស្ករត្នោត ត្រូវបានផលិតចេញពីទឹកត្នោត ដែលបានប្រមូល និងកែច្នៃដោយកសិករនៅកម្ពុជា។
ការប្រមូលផលស្ករនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកផលិតស្ករត្នោតក្នុងស្រុក ដោយប្រមូលទឹកដែលកៀបចេញពីផ្កាត្នោត។ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដែលមាន ១៥០គ្រួសារ ជាសមាជិក និងមានក្រុមហ៊ុនចំនួន ១០ បានកម្ម៉ង់បញ្ជាទិញបានផលិត និងនាំចេញទៅលក់នៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ដូចជា អង់គ្លេស អាឡឺម៉ង់ អេស្បាញ និងបារាំង ជាដើម។

បើតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ សព្វថ្ងៃនេះ បើទោះបីកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ក៏ការផលិត និងការលក់ស្ករត្នោតទាំងនៅក្នុងស្រុក និងក្រៅស្រុក មិនបានប៉ះពាល់ឡើយ ខណៈដែលការផលិត នៅឆ្នាំនេះ មានបរិមាណប្រហាក់ប្រហែលទៅនឹងឆ្នាំមុន។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ការផលិតស្ករត្នោត ប្រភេទស្ករម្សៅ ផលិតបានសរុបចំនួន ២៥៧តោន ក្នុងនោះ ស្ករសាច់ចំនួន ១៣៧តោន សម្រាប់លក់នៅក្នុងស្រុក និងស្កររងូ ចំនួន ២០តោន សម្រាប់នាំចេញទៅក្រៅប្រទេស។
គួរបញ្ជាក់ថា បើតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ តម្លៃស្ករត្នោតនៅដដែល ដោយស្ករសាច់មានតម្លៃចន្លោះពី ៦៨០០រៀល ទៅតម្លៃ ៧០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់តម្លៃទិញពីកសិករ។ បើប្រៀបធៀប នឹងឆ្នាំមុន ការផលិតស្ករត្នោតនៅឆ្នាំនេះ មានបរិមាណប្រហាក់ប្រហែលគ្នា ដោយឆ្នាំមុនផលិតបានចំនួន ២៥៩ តោន និងនៅឆ្នាំនេះផលិតបាន ២៥៧តោន៕រក្សាសិទ្ធិដោយ៖CEN



