ភ្នំពេញ ៖ ភាគហ៊ុនរបស់ GTI ជាភាគហ៊ុនដែលមានកំណើនខ្ពស់ជាងគេ នៅថ្ងៃដើមសប្តាហ៍នេះ ចំនួន ១៤០រៀល ដល់ ៤.៥០០រៀល។ ថ្លៃភាគហ៊ុន GTI នៅថ្ងៃចន្ទក៏បានឈានដល់ថ្លៃខ្ពស់បំផុងក្នុងរយៈពេល ៦០ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ ហើយថ្លៃនេះក៏បានក្លាយជាថ្លៃខ្ពស់ទី៣សម្រាប់ GTI នៅក្នុងឆ្នាំនេះផងដែរ។
ភាគហ៊ុនមានកំណើនមួយទៀត គឺ PPAP ដែលកើនឡើង ៤០រៀល ដល់ ១៤.៦៨០ រៀល ក្នុងមួយហ៊ុន។ ផ្ទុយមកវិញ PWSA, ABC និង PAS បានថយចុះ ២០រៀល, ២០ រៀល និង ៦០រៀល ក្នុងមួយហ៊ុនមកត្រឹម ៧.០៤០រៀល, ១២.៤៨០រៀល ១៣.៦២០រៀលរៀងគ្នា។
គួរបញ្ជាក់ថា ABC ទទួលបានការកើនឡើងប្រាក់ចំណេញសុទ្ធរហូតដល់ ២៧,៦៦ភាគរយ បើធៀបនឹងត្រីមាសឆ្នាំមុន តែធ្លាក់ចុះ ១២,៩១ភាគរយ បើធៀបនឹងត្រីមាសមុន ដោយយោងទៅតាមសេចក្តីប្រកាសរបាយការណ៍ហិរញ្ញវត្ថុរបស់ ABC កាលពីពេលថ្មីនេះៗ។ រីឯ PPSP និង PEPC បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១១ភាគរយ មកត្រឹម ៥៣១,០៤ ពិន្ទុនាថ្ងៃចន្ទនេះ ជាមួយនឹងទំហំជួញដូរសរុប ៩៦៧,៨១លានរៀល៕ រក្សាសិទ្ធិដោយ៖CEN



