ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីម្សិលមិញ បានបើកសវនាការ ប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចិនចំនួន ០៤នាក់ និង បុរសវៀតណាមម្នាក់ ដែលត្រូវបានជាប់ចោទពីបទ មនុស្សឃាតដោយអចេតនា , បង្ករបួសស្នាម និង ការបណ្តាលឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស” ជាប់ពាក់ព័ន្ធនឹងការរអគារ ០៧ ជាន់ នៅក្នុងខេត្តព្រះសីហនុ កាលអំឡុងឆ្នាំ២០១៩ ។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេច តម្កល់សាលក្រមរបស់តុលាការដំបូងខេត្តព្រះសីហនុ រក្សាទុកជាបានការដដែល តែប្រកាសបើកផ្លូវឱ្យ ជនជាប់ចោទចោទ ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកចៅក្រមស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងក្នុងអង្គសវនាការថា នៅក្នុងរឿងក្តីនេះ មានជនជាប់០៥នាក់ ក្នុងនោះ មានជនជាប់ចោទចិនចំនួន ០៤ នាក់ រួមមាន ប្រុស ០៣នាក់ និង ស្រីម្នាក់ (ស្ថិតក្នុងឃុំ) និង បុរសជនជាតិវៀតណាមម្នាក់ (គេចខ្លួន)។
ជនជាប់ចោទចិនទាំង០៤ មានឈ្មោះ ទី១ ឈិន ឃិន ភេទប្រុស អាយុ ៤១ ឆ្នាំ ទី២ ឈ្មោះ ដិង ហ្ស៊ីងគួយ ភេទប្រុស អាយុ ៤២ ឆ្នាំ, ទីបី ឈ្មោះ ហ្គៅ យូ ភេទប្រុស អាយុ២៣ ឆ្នាំ និង ឈ្មោះ ស៊ី យ៉ា ភីង ភេទស្រី អាយុ ៤៥ ឆ្នាំ។
ជនជាប់ចោទទាំង០៥នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២២០ កាត់ទោស ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ពី ២ឆ្នាំ កន្លះ ទៅ ៣ ឆ្នាំ និង បង្គាប់ឲ្យពួកគេទាំង០៥នាក់ រួមគ្នាសងថ្លៃការខូចខាត និងសងថ្លៃជម្ងឺចិត្តជនរងគ្រោះ រួមមាន ក្រុមគ្រួសារកម្មករដែលស្លាប់ និង របួសធ្ងន់ នៅក្នុងហេតុការណ៍ឧប្បត្តិហេតុ នៃការបាក់រលំអគារ០៧ជាន់់នោះ ជិត ២លានដុល្លារអាមេរិក ។
តែជនជាប់ចោទ បានប្តឹងខ្ទាស់ នឹងសាលក្រមខាងលើនេះ មកកាន់សាលាឧទ្ធរណ៍ និង សុំការលើកលែងទោស និង មិនទទួលខុសត្រូវ ចំពោះសំណងខូចខាតខាងលើនេះទេ។ ជនជាប់ចោទទាំង៥នាក់ខាងលើ មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ។

លោកម៉ាក គឹមឡុង ជាមេធាវីការពារក្តីឲ្យជនជាប់ចោទឈ្មោះ ឈិន ឃិន បដិសេធមិនបកស្រាយ លើសាលដីការបស់តុលាការឧទ្ធរណ៍ ដោយលោកមេធាវី ថ្លែងថា ” ខ្ញុំអត់មានយោបល់អ្វីទេ ព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការ “។
នាពេលសវនាការ កាលពីថ្ងៃទី១៣ កក្កដា ២០២១ ជនជាប់ចោទ ដែលមានវត្តមាននៅក្នុងតុលាការ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង មិនទទួលយក នូវសាលក្រមរបស់តុលាការខេត្តសីហនុ ដោយអះអាងថា ពួកគេ ក៏ជាជនរងគ្រោះ និង ត្រូវបានខាតបង់ ដោយសារតែការបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុនោះដែរ។
ពួកគេបានសំណូមពរឲ្យ សាសាឧទ្ធរណ៍ភ្នំពេញ សម្រេចលើកការចោទប្រកាន់ និង ដោះលែងពួកគេ ឲ្យមានសេរីភាពឡើងវិញ ដើម្បី ពួកគេបានវិលត្រឡប់ ជួបជុំគ្រួសាររបស់ពួកគេ នៅប្រទេសចិន៕
រក្សាសិទ្ធិដោយ ចន្ទា ភា