ខេត្តសៀមរាប ៖ កន្លងមកធ្លាប់អង្វរករ និងយោគយល់ច្រើនណាស់ទៅហើយ រឿងសូមឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នា ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល វិធានការរបស់អាជ្ញាធរខេត្ត ដូចជា ការពាក់ម៉ាស ការរក្សាគម្លាត ការមិនប្រមូលផ្ដុំ កាមិនចេញដើររហេតរហូត ជាដើម , ឥឡូវនេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានព្រមានផាកពិន័យធ្ងន់ធ្ងរលើអ្នកមិនពាក់ម៉ាស់ និងជួបជុំគ្នានៅទីសាធារណៈច្រើននាក់។

ក្នុងពេលដឹកនាំក្រុមមន្ត្រី ចុះពិនិត្យស្ថានភាពទូទៅនៅទីតាំងផ្សារលើធំថ្មី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចាប់ផ្ដើមធ្វើការព្រមានថា អាជ្ញាធរនឹងអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផាកពិន័យទៅលើអ្នកមិនគោរពច្បាប់ មិនពាក់ម៉ាស ឬបន្តជួបជុំគ្នាច្រើននៅទីសាធារណៈ។ កន្លងមក មានការយោគយល់ គឺអនុវត្តការផាកពិន័យតែបន្តិចបន្តួចប៉ុណ្ណោះ , ឥឡូវនេះមិនអាចយោគយល់ទៀតទេ ព្រោះថា អត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែមានសន្ទុះខ្លាំងក្លាទៅៗ ដូច្នេះ អាជ្ញាធរត្រូវតែប្រើធម៌ក្ដៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងការពារជីវិតបងប្អូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN









