ពិភពលោកនៅពេលនេះ បាននិងកំពុងមានការព្រួយបារម្ភជាខ្លាំង ក្រោយរកឃើញវីរុសថ្មីមួយទៀតហើយ ដែលបានបំប្លែងខ្លួនពី អាល់ហ្វា និងដែលតា ទៅជាប្រភេទ E484k។
ជាមួយវីរុសបំប្លែងថ្មីនេះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កន្លងទៅនេះ គឺកើតមានការបំប្លែងខ្លួនថ្មីពីវីរុសកូវីដ-១៩ ទៅជា ដែលតា និងអាល់ហ្វា ប៉ុន្តែ នៅពេលនេះ គឺត្រូវបានរកឃើញថា វាបានបំប្លែងខ្លួនជាថ្មីទៀតទៅជាប្រភេទ E484k ដោយអ្នកវិទ្យាសាស្រ្តបានសង្ស័យថា ប្រភេទវីរុសបំប្លែងខ្លួនថ្មីនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនិងប្រព័ន្ធភាពសុំារបស់មនុស្ស។
លោកជំទាវបញ្ជាក់ថា ដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះបានផ្ទុះឡើង ទើបមានការអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាងណា កុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំទូលាយ ដែលធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈដែលពពួកអាល់ហ្វា បានចរាចរណ៍រហូត ១៨២ ប្រទេសទៅហើយ នៅលើសកលលោក។
តែទោះយ៉ាងណា លោកជំទាវ បានបញ្ចាក់ថា វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា គឺមានតែ ដែលតា និងអាល់ហ្វា ប៉ុណ្ណោះ ខណៈវីរុសប្រភេទថ្មី E484k នេះ ដែលបំប្លែងខ្លួនពីអាល់ហ្វា គឺមិនទាន់រកឃើញនៅកើតមាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែ ទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្តខ្ពស់ជាប់និច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



