ភ្នំពេញ ៖ ទីតាំងបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញចំនួន ២ផ្ទះល្វែងជាប់គ្នា ចាក់បាល់ និងហ្គេមបាញ់ត្រី កំពុងបើកលេងភ្នាល់ ចាក់ ចាក់ ចាក់ យ៉ាងរលូន ប្រមូលលុយមួយថ្ងៃៗ ពីអ្នកចូលទៅលេងមិនស្ទើរម៉ឺនដុល្លារនោះទេ ហើយបើទោះបីដឹងថា ផ្ទះ២ល្វែងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ ខុសច្បាប់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មិនឃើញចូលទៅបង្ក្រាបនោះដែរ ព្រោះថា ប្រសិនបើបង្ក្រាបវិញនោះ ក៏ផ្ទះ២ល្វែងបើកល្បែងស៊ីសងនេះ មិនអាចនៅមានជីវិតបើកលេងល្បែងភ្នាល់ ចាក់ស៊ីសងលុយយ៉ាងរលូនបានទៀតដែរ។

ទីតាំងផ្ទះ២ល្វែង បើកល្បែងស៊ីសងចាកើបាល់ និងហ្គេមបាញ់ត្រីនេះ ប្រមូលលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០០ ជាប់ស្តាតចាស់ និងផ្សារទួលសង្កែ ចាស់ ( ឬផ្សារតូច ) តែម្តង ( សូមមើលរូបភាព ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ គេមិនដឹងថា ការណ៍ដែលសមត្ថកិច្ចមិនទៅបង្ក្រាបនោះ មកពីសមត្ថកិច្ចខ្លាចបនល្បែងមួយនេះ ឬយ៉ាងណានោះទេ? ឬមួយក៏សមត្ថកិច្ចមិនទាន់ដឹងថា ផ្ទះ២ល្វែងនេះ បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ និងហ្គេមបាញ់ត្រី? ប្រសិនបើ មិនទាន់ដឹងមែននោះ ឥឡូវនេះ CEN បានផ្សព្វផ្សាយហើយ ល្មមដឹងច្បាស់ហើយ , បើដឹងច្បាស់ហើយ សូមអញ្ជើញបង្ក្រាបតាមការគួរ តាមតួនាទីភារកិច្ចទៅចុះហោង។
ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះផងដែររាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានដំណើរការតែក្នុងកាស៊ីណូស្របច្បាប់ប៉ុណ្ណោះ សូម្បីតែកាស៊ីណូមិនស្របច្បាប់ ( លួចលាក់ ) ក៏មិនអនុញ្ញាតឲ្យលេងល្បែងស៊ីសងដូច្នេះដែរ ចុះទម្រាំផ្ទះ២ល្វែងនេះ បើកល្បែងស៊ីសងតាមអនឡាញ ដោយសេរីទៀតនោះ វាមិនរឹតតែខុសច្បាប់កាន់តែខ្លាំងទៅហើយទេ? ដូច្នេះ មិនត្រឹមគួរតែបង្ក្រាបប៉ុណ្ណោះទេ គឺត្រូវតែបង្ក្រាបឱ្យខាងតែបានតែម្ដង ទើបសមជាសមត្ថកិច្ចរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេស គឺរៀបចំភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសង្គមជាតិទាំងមូលតែម្ដង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

