ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី០៩ខែ សីហា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីឆបោក និងចេញសែកស្អុយ ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក តាមរូបភាពយកលុយពី ភាគីដើមបណ្តឹង ដើម្បីរត់ការយកស.ជ.ណ ពីក្រសួងពាក់ព័ន្ធនិង រាជរដ្ឋាភិបាល ដើម្បីយកអាជ្ញាប័ណ្ណ បង្កើតកាស៊ីណូ តែមិនបានសម្រេច ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩ និង ២០២០។
លោកប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉ា ជិនធៀន ភេទប្រុស អាយុ ៤៥ ឆ្នាំ ។
ជនជាប់ចោទត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ចំនួន ៥០ ម៉ឺននដុល្លារអាមេរិក និងសងជម្ងឺចិត្ត ៤០ លានរៀលទៀតពីបទឆបោក និងចេញសែកស្អុយ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ និង ២០២០។
តែម៉ា ជិនធៀន ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកកាន់តុលាការឧទ្ធរណ៍។
ជនជាប់ចោទ ត្រូវបានប្តឹង ដោយ លោកជំទាវ ខាន់ ខៀវ ជាភាគីដើមបណ្ដឹង នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ។

នាពេលសវនាការជន ជាប់ចោទឈ្មោះ ម៉ា ជិនធៀន បានឆ្លើយសារភាពថា នៅក្នុងរឿងក្តីនេះ ,,គាត់ គឺគ្រាន់តែជាឈ្មួញកណ្តាល និង រត់ការឯកសាររបស់ភាគីដើមបណ្ដឹង គឺដើម្បីបានប្រាក់កម្រៃជើងសារ ( កុំមីស្យុង) តែប៉ុណ្ណោះ។
ជិនធៀបនិយាយថា តែប្រាក់ដែលគាត់ទទួលបានពី ភាគីដើមបណ្ដឹងនោះ ,, គាត់បានយកទៅពឹងពាក់ ឈ្មោះ តាំង ហួត ភេទប្រុស អាយុ ៤៧ ឆ្នាំ ដើម្បីរត់ការបន្តពីខ្លួន ក៏ប៉ុន្តែត្រូវបានគេបោកគាត់ ហើយគេចខ្លួនបាត់ស្រមោល រហូតដល់ទល់សព្វថ្ងៃនេះ។
ជិនធៀនបាន បានសំណូមពរដល់តុលាការឧទ្ធរណ៍ មេត្តាព្យួរទោសគាត់ ចំនួន ០១ ឆ្នាំ, សុំសងប្រាក់ដើមតែ៤០ ម៉ឺនដុល្លារអាមេរិក ទៅភាគីដើមបណ្តឹង និងសុំច្រានចោលថ្លៃសងជម្ងឺចិត្ត ចំនួនន ៤០ លានរៀល ពីព្រោះគាត់និយាយ គាត់ គ្មានសមត្ថភាពនឹងរកលុយសងបង់នោះទេ សម័យកូវីដ១៩ ផង។
សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

