ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែងជើងចាស់អ្នកនាង សំប៉ូ លីដា ដែលធ្លាប់បានល្បីឈ្មោះឡើងកូដ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន កាលពីអំឡុង ១០ ឆ្នាំ មុន។
តែទោះយ៉ាងណា មួយរយៈចុងក្រោយនេះ រូបនាងមិនបានបង្ហាញខ្លួននៅលើវិថីសិល្បៈ ដោយសារតែនាងបានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ ព្រោះតែបានកើតជំងឺ ទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ហើយនៅពេលនេះ ការងារក៏គ្មានធ្វើទៀតផង។
ដោយឡែក ថ្មីៗនេះ អ្នកនាង សំ ប៉ូលីដា ស្រាប់តែបានជួបទុក្ខជាទម្ងន់ ដោយម្តាយបង្កើតបានទទួលមរណភាព ស្របពេលជីវិតរបស់អ្នកនាង ក៏កំពុងជួបការខ្វះខាតយ៉ាងខ្លាំង។
នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានលើកឡើងថា តារាស្រីរូបនេះ ពុំមានលុយសម្រាប់ធ្វើបុណ្យសពឱ្យម្ដាយនោះទេ ហេតុដូច្នេះហើយ អតីតតារាកំប្លែងរូបនេះ ក៏សុខចិត្តដើរខ្ចីលុយគេ ដើម្បីយកមកធ្វើបុណ្យសម្រាប់អ្នកម្ដាយដែលបាត់បង់ជីវិតទៅហើយ។
ទន្ទឹមនឹងឃើញភាពលំបាកនេះផងដែរ លោកជំទាវ ស្រីនាង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិការចំនួន 1500$ តាមរយៈលោក អ៊ឹម ជីវ៉ា ដើម្បីសម្រួលទុក្ខរបស់ សំប៉ូ លីដា ទុកធ្វើបុណ្យម្ដាយជាលើកចុងក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








