Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តបាត់ដំបង សម្រេចយកអគារសិក្សាចំនួន៤១ទៀត ធ្វើមណ្ឌលចត្តាឡីស័ក សម្រាប់ពលករមកពីប្រទេសថៃ

បាត់ដំបង ៖ ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសមួយនេះ កំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃអត្រាឆ្លងជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ Delta ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមពលករកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ នាំគ្នាសម្រុកធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់ និងក្លាយជាបញ្ហាប្រឈមថ្មីមួយទៀត ដែលត្រូវទាមទារឱ្យមានការរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ទាំងនៅតាមតំបន់ព្រំដែន និងក្នុងស្រុក ក្រុងនៃខេត្តបាត់ដំបង ជាក់ស្តែង អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការពង្រីកបន្ថែមទីតាំងថ្មីរហូតដល់៤១កន្លែងទៀត សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ។

ក្នុងកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបងនិងបញ្ហាប្រឈម តាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិងរូបភាព (Zoom ) ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបានរៀបចំផែនការ ត្រៀមទីតាំងចំនួន៤១កន្លែងទៀត ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀមនូវក្រុមគ្រូពេទ្យសម្រាប់ការធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករ ដែលនឹងចូលមកគឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដ១៩ ប្រភេទ Delta ព្រមទាំងបានបញ្ជាក់អំពីការពង្រឹង កងកម្លាំងមានសមត្ថកិច្ចឈរជើង តាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។


ឯកឧត្ដម ងួន រតនៈ បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបង បិទខ្ទប់រយៈពេល១៤ថ្ងៃនេះ មានពលករខ្មែរ ដែលជាប់គាំងនៅតំបន់ព្រំដែនចំនួន២៤៥នាក់ ក្នុងនោះស្ថិតនៅក្នុងខេត្តចំនួន២ នៃប្រទេសថៃ មានខេត្តច័ន្ទបូរី ចំនួន២៣៤នាក់ និងខេត្តស្រះកែវ ចំនួន១១នាក់ ។

ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីចុងខែឧសភាកន្លងមកនេះ អត្រាអ្នកឆ្លងជំងឺក្នុងខេត្ត មានការកើនឡើងជាគំហុក ពោលគឺ ក្នុងមួយថ្ងៃរកឃើញចំនួនប្រមាណ ពី៩០ ទៅ១០០នាក់ ហើយក្រុងបាត់ដំបងពីមានចំនួនអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកគឺស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកកំរៀង ។ នៅក្នុងចំណោមអ្នកដែលឆ្លងមួយរយៈចុងក្រោយនេះ ពិនិត្យឃើញថា ការឆ្លងគឺកើតមានទៅលើបុគ្គលគ្រប់វ័យ និងជាពិសេសទៅលើអ្នកដែលនៅផ្ទះ សិស្សសាលា បុគ្គលិកឯកជន បុគ្គលិកសុខាភិបាល អាជីវករ និងមន្ត្រីរាជការ រីឯពលករដែលត្រឡប់មកពីប្រទេសថៃ ហើយមានវិជ្ជមានកូវីដ១៩ គឺមានចំនួនតិចជាងអ្នកឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចក្រឡាហោម ស ខង បានណែនាំដល់រដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ទីរពាក់ព័ន្ធ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក៏ដូចជាការបញ្ឈប់បានទាំងស្រុង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្តទៅមុខទៀត ៕ រក្សាសិទ្ធិដោយ៖CEN

×