បន្ទាយមានជ័យ : នៅច្រកព្រំដែនកម្ពជា ថៃទាំងអស់បានប្រែជាស្ងាត់ជ្រងំទាំងអ្នកដំណើរ ទាំងភ្ញៀវទេសចរ និងទាំងយានយន្តដែលមិនសូវចេញចូលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ចំថ្ងៃដែលថៃប្រារព្ធព្រះរាជពីធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ ។
ដោយឡែកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យឈមនឹងច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ខ្លងលឹកស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ដែលជាច្រកព្រំដែនគោកមានសកម្មភាពពលរដ្ឋ ភ្ញៀវទេសចរ និងយានយន្តដឹកទំនិញចេញចូលច្រើនជាងគេនោះក៏រឹតតែស្ងាត់ដែលពុំធ្លាប់មាន។ ស្ត្រីដែលអង្គុយចាំស៊ីឈ្នួលដឹកទំនិញតាមរទេះឆៃលី(រទេះតូច)ចេញចូលពីផ្សាររោងក្លឿក្នុងទឹកដីថៃ មកប៉ោយប៉ែតទឹកដីកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថ្ងៃទី២៦តុលាថា: ថ្ងៃទី២៦នេះ រូបគាត់រកស៊ីឈ្នួលដឹកទំនិញឬអីវ៉ាន់ភ្ញៀវទេសចរនិងអ្នកដំណើរធម្មតាបានប្រាក់ជាង២០០បាតប្រាក់ថៃប៉ុណ្ណោះ។ ពោលគឺខុសពីរាល់ថ្ងៃដែលបានជិត១.០០០បាត។ អ្នកស្រីក៏បានដឹងថា ថ្ងៃនេះជាថ្ងៃព្រះរាជពិធីធំនៃការព្រះភ្លើង រំលាយព្រះសពព្រះមហាក្សត្រថៃ ភូមិប៊ុល អាឌុលយ៉ាដេត។ មន្ត្រីស៊ីវិល កងកម្លាំង អាជីវករនិងពលរដ្ឋថៃទាំងឡាយបាននាំគ្នាចូលរួមថ្វាយសេចក្តីអាឡោះអាល័យ បានចូលរួមដង្ហែថ្វាយដំណើរព្រះវិញ្ញាណក្ខន្ធ កាន់ទុក្ខ ព្រះអង្គចុងក្រោយ។ សូម្បីតែហាងលក់ដូរក៏បិទស្ទើអស់ផងដែរ ។
មន្ត្រីច្រកទ្វារព្រំដែននៃប្រទេសទាំង២អោយសារព៍ត័មានដឹងថា:មានតែភ្ញៀវទេសចរបរទេសនិងភ្ញៀវជនជាតិខ្មែរខ្លះដែលត្រូវទៅមកព្យាបាលជម្ងឺនៅប្រទេសថៃ ដែលចេញចូល។ ឯជនជាតិថៃគ្មានទេ ជនជាតិថៃដែលកន្លងទៅធ្លាប់ចូលមកលេងល្បែងក្នុងកាស៊ីណូនានានៅក្រុងប៉ោយប៉ែត ក៏សឹងតែគ្មានម្នាក់មកឡើយ។
លោកឧត្តមសេនីយ៍ ស៊ឹម សំអាត់ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទខ្លីថា : ខាងថៃគេសម្រាកចូលរួមព្រះរាជពិធបុណ្យសអតីតព្រះមហាក្សត្រថៃ ចឹងនៅច្រកទ្វារស្ងាត់តាំងពី១-២ថ្ងៃមុនមកបណ្តើរៗ។ នៅមានមនុស្ស យាន្តយន្តចេញចូលតិចតួចប៉ុណ្ណោះ។
លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអោយដឹងខ្លីថា : ទំនិញយ៉ាងច្រើនពីប្រទេសថៃ គេសម្រុកដឹកជញ្ជូនមកកម្ពុជាប៉ុន្មានថ្ងៃមុន។ ដូច្នេះ១ថ្ងៃមុន ពេលព្រះរាជពិធីបុណ្យបូជាសពនិងក្រោយ១-២ថ្ងៃ ក៊ជឿថានៅតែស្ងាត់។ ប៉ុន្តែ នៅមានទំនិញខ្លះដែលជញ្ជូនមកទាន់អស់ ក៏នៅដឹកមកបង្ហើយដែរ៕ ដោយ : បន្ទាយ