ភ្នំពេញ ៖ ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាការសាងសង់ទំបន់វារីអគ្គិសនីសេសាន២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយ សិទ្ធិមនុស្សនានានៅកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានវាយបកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះទៅអង្គការសិទ្ធិមនុស្សនេះ ថាចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត។
ឯកឧត្តមបានចាត់ទុករបាយការណ៍ របស់អង្គការសិទ្ធិមនុស្សថា ជារបាយការណ៍បែបភូតកុហក និងជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ ហើយបានចាត់ទុករបាយការណ៍របស់ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះមានចរិតជាការបម្រើឱ្យ ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជា ជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងម៉ត់ចត់ រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយផលប៉ះពាល់ទាំងឡាយតាមរយៈឧបករណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាមួយនឹងដំណោះស្រាយនិងវិធានការច្បាស់លាស់រួចហើយដូចជា ១)ត្រូវកំណត់ឱ្យគម្រោងបញ្ចេញ បរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមកំឡុងពេលប្រតិបត្តិគម្រោង ដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។ ២) គម្រោងបានផ្តល់ផ្ទៃដីទំហំ៧.០៨៦,៨០២ហិកតា ជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោង ព្រមទាំងសាងសង់លំនៅដ្ឋានដែលមានផ្ទះថ្មចំនួន ១១៨ខ្នង ផ្ទះឈើចំនួន ៤៧១ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន ១២៧ខ្នង ជីកស្រះចំនួន ៦៣ ស្រះ សាលារៀនចំនួន ១២ សាលាមតេយ្យចំនួន ១២ សាលាឃុំចំនួន ២ វត្តអារាម ៣ ប៉ុស្តិ៍នគរបាល២ ប៉ុស្តិ៍អាវុធហត្ថ១ និងជីកអណ្តូងទឹកចំនួន ១៨១។ ដោយឡែកប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរស់នៅភូមិភ្លុក ឃុំភ្លុកទទួលយកសំណងថវិកា 100% ពីក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋចំនួន ៥៦គ្រួសារ មិនព្រមទទួលសំណង និងសុខចិត្តរស់នៅនៅទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ផលប៉ះពាល់ ផ្សេងទៀត។
ឯកឧត្តមបានថ្លែងថា ការពិពណ៌នាក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ទាក់ទងនឹងគម្រោងសាងសង់ទំនប់វារី អគ្គិសនីសេសាន ២ គ្រាន់តែយុទ្ធនាការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំប៉ោងខុសពីការពិតអំពីកម្ពុជា និងដើម្បីធ្វើវិទ្ធង្សប្រឆាំងនឹងការអភិវឌ្ឍរបស់កម្ពុជា និងព្យាយាមចិញ្ចឹមទំនាស់ ដើម្បីបម្រើរបៀបវារៈនយោបាយមួយពិតប្រាកដមួយប៉ុណ្ណោះ។

ឯកឧត្តមបានថ្លែងថា ការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ បានផ្តល់ផលវិជ្ជមានជាច្រើន ដល់សេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ ដូចជា៖ គម្រោងមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤០០MW ជាសំណង់វារីអគ្គិសនីដ៏ធំមួយ ដែលចាត់ទុកថាជាថាមពលដែលអាចកកើតឡើងវិញបាន និងមានការលើកទឹកចិត្ត ក្នុងការប្រើប្រាស់ថាមពលបែបនេះ។ គម្រោងនេះអាចផ្តល់ថាមពលអគ្គិសនីយ៉ាងច្រើន និងអាចផលិតថាមពលស្អាតរយៈពេលវែង និងធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសអាចទទួលថាមពលអគ្គិសនីប្រើប្រាស់បាន ព្រមទាំងវាអាចកាត់បន្ថយការកើនឡើងនៃភពផែនដីយើង។
ឯកឧត្តមបានមានប្រសាសន៍ថា ការអភិវឌ្ឍវារីអគ្គិសនី និងផលិតថាមពលអគ្គិសនី ស្របទៅតាមតម្រូវការចាំបាច់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានលឿនលើគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងឯកជន និងសាធារណៈ។ គម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។
រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីគឺជាការកសាងធុង អាគុយ និងសន្តិសុខថាមពលសម្រាប់ប្រទេស។ កម្ពុជាបានអភិវឌ្ឍប្រទេស ពីការដុតចង្កៀងប្រេងកាត មកជាការប្រើប្រាស់ថាមពលកកើតឡើងវិញ គួរតែអង្គការសិទ្ធិមនុស្សមួយនេះ កោតសរសើរទៅវិញទេដែលរាជរដ្ឋាភិ បាលកម្ពុជាបានគិតគ្រប់ជ្រុងជ្រោយ លើការអភិវឌ្ឍប្រទេសជាតិ និងផ្តល់ជូនប្រជាពលរដ្ឋតាមតម្រូវការ និងផ្តោតលើការអភិវឌ្ឍលើវិស័យ អាទិភាពរបស់ជាតិ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។ នេះគឺជាអ្វីដែលពលរដ្ឋខ្មែរចង់បាន តែក្រុមអង្គការសិទ្ធិមនុស្សជ្រុលនិយម ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បែរជាចង់ឱ្យពលរដ្ឋកម្ពុជាបន្តដុតចង្កៀងប្រេងកាតក្នុងសតវត្សរ៍ទី២១ នេះទៅវិញ។
តាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថាន របាយការណ៍នេះ ត្រូវបានពលរដ្ឋកម្ពុជារិះគន់យ៉ាងធ្ងន់ធ្ងរ ដែលអង្គការមួយនេះគួររៀនសូត្រ ហើយពលរដ្ឋខ្មែរមិនជឿ របាយការណ៍ខុសពីការពិត និងមានចរិបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយនេះទេ។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ស្ថានភាពទឹកទន្លេសេសាន និងគុណភាពទឹកខាងលើ និងខាងក្រោមទំនប់វារីអគ្គិសនីបច្ចុប្បន្ន ពុំមានការប្រែប្រួល។ ក្នុងករណីមានការប្រែប្រួល គឺមានការប្រែប្រួលជាលក្ខណៈទូទៅ នៃបណ្តាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គទាំងអស់ (ប្រទេសចិន ប្រទេសភូមា ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម)៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

