ខេត្តព្រះសីហនុ ៖ អាជីវករនៅផ្សារលើក្រុងព្រះសីហនុ ជាងមួយពាន់នាក់ បានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការធ្វើតេស្តយកសំណាក រកមើលជំងឺកូវីដ១៩ ដើម្បីអនុញ្ញាតឲ្យបើកផ្សារលើឡើងវិញ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងគណៈកម្មការ អនុគណៈកម្មការ បានចុះពិនិត្យមើលនៅបរិវេណផ្សារលើ ដែលបានបិទអស់រយៈពេលជាច្រើនខែមកហើយ ដោយមានការផ្ទុះនូវជំងឺកូវីដ១៩ ដោយផ្ដើមចេញពីទីប្រជុំជនផ្សារ។ ឯកឧត្តម បានចុះពិនិត្យមើលអំពីការរៀបចំ កែលម្អតូបលក់ដូរ ទីធ្លា គម្លាតសុវត្ថិភាព ឲ្យមានស្តង់ដារ ដើម្បីដំណើរការអាជីវកម្មលក់ដូរឡើងវិញ ប្រកបដោយសុវត្ថិភាពកាត់បន្ថយ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះអាជីវករ ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរ ក្រុង ខេត្ត ក៏ដូចជាគណៈកម្មការផ្សារ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តទៅធ្វើ សំណាក គ្រប់ៗគ្នា មុននឹងដាក់ឲ្យដំណើរការផ្សារឡើងវិញ កុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងទីប្រជុំជនផ្សារ។
ឯកឧត្តម បានសំណូមពរអាជីវករផ្សារលើទាំងអស់ មកយកសំណាកសាជាថ្មី ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ នេះតទៅ ទើបអាជ្ញាធរឲ្យដំណើរការអាជីវកម្មលក់ដូរឡើងវិញជាធម្មតា។
ចំពោះអាជីវករលក់ដូរទាំងអស់ ត្រូវអនុវត្តតាមវិធានការរបស់ ក្រុមការងារគណៈកម្មការអនុគណៈកម្មការនឹង អ្នកគ្រប់គ្រងផ្សារ ជាពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺរក្សាគម្លាតសុវត្ថិភាព និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ ៣កុំ៣ ការពារ ឲ្យបានជាប់ជាប្រចាំ។
គួរបញ្ជាក់ថា ចំពោះការបើកផ្សារទូទាំងខេត្តព្រះសីហនុឡើងវិញ ជំហានដំបូងគឺបើកដំណើរការពីផ្សារលើក្រុងព្រះសីហនុ ចំពោះផ្សារផ្សេងៗទៀតគឺអាស្រ័យទៅលើ ការរៀបចំ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការចុះវាយតម្លៃ បើគ្រប់លក្ខន្តិកៈ នឹងបើកឲ្យដំណើរការជាធម្មតាឡើងវិញផងដែរ៕ រក្សាសិទ្ធិដោយ៖CEN