ស្ទឹងត្រែង ៖ មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណីបរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាប់រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ហើយបានបញ្ជូនសំណុំរឿង ទៅតុលាការ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ ហើយត្រូវអយ្យការអមសាលាដំបូងខេត្ត បានចោទប្រកាន់មនុស្សបីនាក់ ចំនួន៣បទល្មើស ។

ប៉ុន្តែពេលដល់ពេលល្ងាចថ្ងៃដដែល សំណុំរឿងនេះបានបញ្ជូនដល់ដៃចៅក្រុមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីជំនុំជម្រះក្តីបន្ត ស្រាប់តែចៅក្រុមស៊ើបសួរសម្រេចដោះលែងជនសង្ស័យឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃម្សិលមិញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២១ សមត្ថកិច្ចកងរាជអាវុធស្រុកបុរីអូរស្វាយសែនជ័យ បានទទួលពាក្យបណ្ដឹង ពីឈ្មោះលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ។
អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានប្ដឹងមនុស្សមួយចំនួន ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ជាសាធារណៈ ដែលអ្នកពាក់ព័ន្ធទាំងនោះ បានយកឈ្មោះតួនាទីអំណាចអភិបាលស្រុក ទៅកាប់រុករានព្រៃយកដី របស់រដ្ឋដោយខុសច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ទី១ ឈ្មោះមុំ សីហាក់ ភេទប្រុស អាយុ៣០ឆ្នាំ ទី២ ឈ្មោះអុិន រ៉ាយ ភេទប្រុស អាយុ៣៩ឆ្នាំ ទី៣ ឈ្មោះក្រឹម អាយុប្រហែល២៥ឆ្នាំ រត់គេចខ្លួន ទី៤ ឈ្មោះអុិន សុផល ភេទប្រុស អាយុ ៣៧ឆ្នាំ មេក្លោងកាប់ព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ដោយជនសង្ស័យទាំង៣នាក់នេះ គឺជាកម្មករនិងមេការ បម្រើការងារក្នុងក្រុមហ៊ុនចំការចេក ស្រុកបុរីអូរស្វាយសែនជ័យ។
ជនសង្ស័យទាំងបីនាក់ មានពីរនាក់បានប្រើ ប្រាស់សារធាតុញៀន ប្រភេទមេតំហ្វេតាមីន។ សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធ៣បទល្មើស ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ខែសីហា។

អយ្យការអមសាលាដំបូងខេត្ត ក៏បានចោទប្រកាន់មនុស្សបីនាក់ ចំនួន៣បទល្មើស រួមមានបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ និងកាប់រុករានព្រៃយកដីរដ្ឋ ដោយខុសច្បាប់ បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរជាបន្ត។
នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចដោះលែង ជនជាប់ចោទទាំងបីនាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


