Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ភ្នំពេញ លើកពេលជម្រះបណ្តឹងឧទ្ធរណ៍ របស់លោកនួន ប៉ុក អតីតប្រធានសុរិយោ ដីខេត្តព្រះសីហនុ

ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់លោកនួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ដែលត្រូវបាន តុលាការជាន់ក្រោម ផ្តន្ទាទោសដាក់គុក កំណត់០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយ និង រំលោភអំណាច ប្រព្រឹត្ត ក្នុងនៅក្នុង អំឡុងឆ្នាំ ២០១៩ និង ២០២០ នៅក្នុងខេត្តព្រះសីហនុ។

ក៏ប៉ុន្តែសវនាការ ត្រូវបានលើកពេលទៅធ្វើពេលក្រោយទៀត ដោយសារតែ ជនជាប់ចោទ នួន ប៉ុក បានបដិសេធមេធាវីដែលតាំង ពីគណ:មេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំពេលជ្រើសរើសរក មេធាវី ដោយខ្លួនឯង។

លោកយ៉ន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ នួន ប៉ុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៧ឆ្នាំ, ពិន័យប្រាក់បង់ចូលថវិការដ្ឋ ចំនួន១០០លានរៀល និងរឹបអូសអចលនទ្រព្យចំនួន០៣កន្លែង ដែលបានមកដោយខុសច្បាប់ ក្រោមការចោទប្រកាន់ពីបទ ” បំពានធនធានធម្មជាតិ និងបទ រំលោភអំណាច និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយ ដល់អាជ្ញាធរពាក់ព័ន្ធ “។

លោកចៅក្រមបានបន្ថែមថា ប៉ុន្តែឈ្មោះ នួន ប៉ុក បានប្តឹងខ្ទាស់នឹង សាលក្រមរបស់តុលាការរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍។

គួររំលឹកថា លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) ចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ ដោយជាប់សង្ស័យក្នុងរឿង ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

×