Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លាភាព នៃថវិកា SDRs លើកទី១ក្នុងប្រវត្តិសាស្ត្រដើម្បីគាំទ្រ ដល់សកលលោក និងកម្ពុជា ងើបចេញពីវិបត្តិកូវីដ-១៩

ភ្នំពេញ ៖​ ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជថវិកាទូទៅមួយ ពី គណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs)) ជាប្រវត្តិសាស្ត្រ ដែលស្មើនឹង ៦៥០ ពាន់លានដុល្លារ ស.រ.អា (ប្រហែល ៤៥៦ ពាន់លាន) កាលពីដើមខែសីហានេះ ដើម្បីជម្រុញលទ្ធភាពទូទាត់ការចំណាយ របស់សកលលោក។ កម្ពុជានឹងទទួលបានចំនួន ០,២៤% (១,៥៦ ពាន់លាន ដុល្លារ ស.រ.អា) ។

លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម មានប្រសាសន៍ថា “ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់ មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ដោយ នៅមានកិច្ចការចាំបាច់ជាច្រើនទៀតដែលគួរធ្វើ ហើយយើងសូមអំពាវឱ្យរាជរដ្ឋាភិបាល បន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្តល់អាទិភាពលើការ ថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញ ពីជំងឺរាតត្បាតជាសកលនេះ ប្រកបដោយលក្ខណៈប្រកបដោយសមភាព និងកាន់តែមាននិរន្តរភាពថែមទៀត” ។

បច្ចុប្បន្ននេះ វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធតំណាងឱ្យ ៨៧.៥% នៃសេដ្ឋកិច្ចកម្ពុជា (យោងតាម ILO ២០២១) ហើយក្រសួងផែនការបានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦ លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ នៅខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធានាថាកម្មវិធីផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

លោកស្រី លឹម សូលីន បានបន្ថែមទៀតថា “យើងសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងធានាថា ក្រុមងាយរងគ្រោះនានាដូចជា ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងអំពើហិង្សាផ្លូវភេទ និងអំពើហិង្សាពាក់ព័ន្ធយេនឌ័រ ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាព ជនជាតិដើម និងជនជាតិភាគតិច អ្នករស់នៅជាមួយមេរោគអេដស៍ ជនអនាថា និងជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកប្រទេសវិញ គឺជាទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយកូវីដ-១៩ ហើយយើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាញយកផលប្រយោជន៍ពីមូលនិធិ SDR នេះ ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត និងធ្វើឱ្យអន្តរាគមន៍ឆ្លើយតបជំងឺរាតត្បាតមានលក្ខណៈបរិយាប័ន្ន ។ ប្រជាជនកម្ពុជា ជាពិសេស ក្រុមងាយរងគ្រោះបំផុត នឹងចងចាំទុកក្នុងចិត្តនូវស្នាដៃដ៏សំខាន់នេះ”។

SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ។ ថវិកានេះមិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះ គឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ។
SDRs ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។ ថវិកានេះត្រូវបានបែងចែក ដោយផ្អែកលើកូតា/ចំណែករបស់ប្រទេសនីមួយៗនៅក្នុង IMF ។ ការផ្តល់ថវិកា SDR ចំនួន ៦៥០ ពាន់លានដុល្លារនេះ នឹងផ្តល់ប្រាក់បម្រុងបន្ថែមជិត ៤០០ ពាន់លានដុល្លារ ដល់ប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោក, ២៣០ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និង ២១ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ។

អុកស្វាម គឺជាអង្គការមួយក្នុងចំណោមអង្គការដំបូងគេ ដែលបានអំពាវនាវ ឱ្យមានការផ្តល់ថវិកា SDR ថ្មី (https://www.oxfam.org/es/node/12442) ជាផ្នែកមួយនៃផែនការ សង្គ្រោះសេដ្ឋកិច្ច (https://www.oxfam.org/en/research/dignity-not-destitution)ទូលំទូលាយមួយ នៅពេលវិបត្តិនេះបានកើតឡើងក្នុងឆ្នាំ ២០២០ ។ នៅក្នុងលិខិតចំហមួយ, អង្គការ អុកស្វាម និងក្រុមសង្គមស៊ីវិល ជាង ២០០ ផ្សេងទៀត បានជំរុញឱ្យប្រទេស G20 គាំទ្រការផ្តល់ថវិកា SDRs ដើម្បីជួយប្រទេស នានា ដោះស្រាយវិបត្តិជំងឺរាតត្បាតជាសកលកូវីដ-១៩ (https://www.latindadd.org/2021/02/12/civil-society-organizations-call-for-quick-special-drawing-rights-allocation/)។

ទស្សនវិស័យសេដ្ឋកិច្ចកំពុងមានភាពមិនប្រាកដប្រជា ហើយវិថីនៃការងើបឡើងវិញសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសទាំងអស់ គឺវែងឆ្ងាយណាស់ និងជួបឧបសគ្គជាច្រើន សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ហើយយើងជឿជាក់ថា ប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា នឹងជំនះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនេះ៕រក្សាសិទ្ធិដោយ៖CEN

×