ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅទូទាំងខេត្ត។
រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺមានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយចាប់ផ្តើមពីម៉ោង៨និង០០នាទីព្រឹក ដល់ម៉ោង១១និង០០នាទី, ពេលរសៀលចាប់ពីម៉ោង២និង០០នាទីរសៀលដល់ម៉ោង ៥និង០០នាទីល្ងាច នៅទីតាំងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
រដ្ឋបាលខេត្តប៉ៃលិន ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ដែលជាមាតា បិតា អាណាព្យាបាលទាំងអស់នៅក្នុងខេត្តប៉ៃលិន អញ្ជើញនាំកូនមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលបានកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកជាមួយនូវ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បើមាន) សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៩៦ ៥៩២ ៩៧៩៧ ឬ០៩៧ ៤២១ ៦៦៦៨
ជាមួយគ្នានេះដែរប្អូនៗកុមារ និងយុវវ័យ ដែលមានអាយុ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំបាន សម្តែងអារម្មណ៍រីករាយ ក្រោយទទួលដ៏ល្អពីរដ្ឋបាលខេត្តប៉ៃលិន ព្រោះពួកគេបានរំពឹងថា ការចូលរៀនវិញនឹងបានបើកឲ្យដំណើរឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ៖CEN




